ដេននី ក្វាន់ នៅតែមិនរៀង! រួច​បម្រាម​ហើយ នៅតែ​ប្រកាន់​ជំហរថាបែបនេះទៀត…!

216

(ភ្នំពេញ)៖ ស្រីស្អាតដែលជាតារា​សម្តែង​ចូលចិត្ត​សម្ញែង​ភាព​សិច​ស៊ី​មិន​ខ្វល់​ភ្នែក​មហាជន កញ្ញា​ដេ​ន​នី ក្វា​ន់ បាន​រួច​ផុត​ពី​បម្រាម​មិន​ឲ្យ​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​រយៈពេល​១​ឆ្នាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ហើយ ។

បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ដែល​ដេ​ន​នី ក្វា​ន់ បាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បញ្ជាក់​ថា ក្រសួង​បាន​យល់ព្រម​ផ្តល់​ទិដ្ឋាការ​នៃ​សាច់​រឿង​ដែល​តួអង្គ​នាង​ដេ​ន​នី ក្វា​ន់ ជា​ប្រក្រតី​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨​នេះ​តទៅ ។ គ្រប់​ស្ថានីយទូរទស្សន៍ និង​អាជីវករ​ដែល​មាន​មុខរបរ​ពាក់ព័ន្ធ​វិស័យ​សិល្បៈ វប្បធម៌ អាច​អញ្ជើញ​តារា​សម្តែង​នាង​ដេ​ន​នី ក្វា​ន់ ចូលរួម​សម្តែង ឬ​ធ្វើ​សកម្មភាព ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ​វប្បធម៌​ឡើង​វិញ​បាន ។

តាម​រយៈ​សេចក្តីសម្រេច​នេះ​នាង​ដេ​ន​នី ក្វា​ន់ បាន​សម្តែង​ការ​សាទរ និង​ថ្លែង​អំណរ​គុណ​​ដល់​​ភាគី​ពាក់ព័ន្ធ ក្នុង​ពេល​ដែល​នាង​បាន​រួច​ផុត​ពី​ការ​ពិន័យ​នេះ ហើយ​អាច​មានឱកាស​ឡើង​វិញ​ក្នុង​អាជីព​សិល្បៈ​របស់​នាង ។

តាម​រយៈ​សារ​ដែល​ដេ​ន​នី ក្វា​ន់ បាន​បង្ហោះ​បញ្ជាក់​ថា «​នាង​ខ្ញុំ​ដេ​ន​នី ក្វា​ន់ សូម​សម្តែង​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទាំងអស់ ក៏​ដូច​ជា​បង​ប្រធាន​សមាគម​សិល្ប​: ដែល​បាន​ចេញ​សេចក្តីសម្រេច​ជា​ឯកច្ឆន្ទ​មួយ​នេះ ដែល​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​នាង​ខ្ញុំ មានឱកាស​ប្រឡូក​ក្នុង​វិ​ស​យ័​សិល្បៈ​ឡើង​វិញ​រាល់​គ្រប់​សកម្មភាព ។

ការណ៍​ពិត​មួយ​រយ​:​ដែល​ក្រសួង​បាន​ដាក់​ពិន័យ​មក​លើ​នាង​ខ្ញុំ ដោយ​លើកយក​ហេតុ​ផល​នៃ​ភាព​សិច​ស៊ី ហើយ​ផ្អាក​រាល់​សកម្មភាព​នាង​ខ្ញុំ ដែល​ពាក់ព័ន្ធ​លើ​វិស័យ​មួយ​នេះ​នាង​ខ្ញុំ​ញញឹម​ទទួលយក ទាំង​គ្មាន​ការ​តវ៉ា ទោះជា​ពេល​ខ្លះ​ការ​សិច​ស៊ី​នាង​ខ្ញុំ​តាម​កាលៈ​ទេសៈ​ក៏​ដោយ ។ រយៈពេល​មួយ​ឆ្នាំ​ពេញ​នៃ​ការ​ពិន័យ ក៏​វា​ជា​រយៈពេល​ដែល​ខ្ញុំ​បាន​យក​ពេលវេលា​ទាំងនោះ​មក​បង្កើន​មុខរបរ​ពង្រីក​អាជីវកម្ម និង​បង្កើន​ការងារ មនុស្សធម៌ ដែល​ចេញពី​ថវិកា ក៏​ដូច​ជា​កម្លាំង​ញើស​ឈាម​ខ្លួនឯង ដែល​បាន​ពី​ការ​ប្រឹងប្រែង​លើ​មុខរបរ​ដែល​នាង​ខ្ញុំ​ធ្វើ​ដោយ​ការ​តាំងចិត្ត​ខ្ពស់ ។

ការណ៍​ពិត​ការ​សម្តែង​ភាពយន្ត ខារ៉ាអូខេ ស្ប៉ត (Socail Media ) វា​ជា​ចំណង់​ចំណូល​ចិត្ត នៃ​ការ​ស្រឡាញ់​ខ្លាំង​តាំងពី​កុមារភាព តែ​ក្រោយ​ពេល​រង់​ការ​ពិន័យ​រយ​:​ពេល​មួយ​ឆ្នាំ​នេះ​ពេញ ធ្វើ​ឱ្យ​នាង​ខ្ញុំ​គិត​ថា ការណ៍​ពិត​សិល្បៈ​មួយទៀត​ដែល​នាង​ខ្ញុំ​ពេញចិត្ត ហើយ​ស្រឡាញ់​ខ្លាំង​បំផុត​សម្រាប់​នាង​ខ្ញុំ គឺ​សិល្បៈ​វប្បធម៌​នៃ​ការ​ចែករំលែក គឺ​ចែករំលែក​ជូន​ចំពោះ​អ្នក​ដែល អន់​ខ្សោយ ក្រ និង​ខ្វះខាត​ជាង​នាង​ខ្ញុំ វា​ជា​សិល្បៈ​ដែល​នាង​ខ្ញុំ​ពេញចិត្ត សប្បាយចិត្ត​រីករាយ​នឹង​ជួយ​ជា​និច្ច »​។

ក្រសួង​វប្បធម៌ បាន​កំណត់​ដាក់​ពិន័យ​តារា​សម្តែង​នាង​ដេ​ន​នី ក្វា​ន់ ដោយ​ហាម​មិន​ឲ្យ​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​សម្រាប់​រយៈពេល​ពេញ​មួយ​ឆ្នាំ ក្រោយ​ពី​មានការ​សម្រេច​ពី​ក្រុមប្រឹក្សាវិន័យ ដែល​បាន​គិត​ថា នាង​នៅ​តែ​បន្ត «​ផ្គើន​» ថត សម្តែង រូបភាព​បែប​សិច​ស៊ី ក្នុង​ចេតនា​ធ្វើ​ឲ្យ​ប្រាសចាក​នឹង​ប្រពៃណី​ខ្មែរ ។

ក្រសួង​វប្បធម៌​បាន​សម្រេច​ដាក់​ពិន័យ​ផ្អាក​តារា​សម្តែង​នាង​ដេ​ន​នី ក្វា​ន់ មិន​ឲ្យ​ធ្វើ​សកម្ម​ភាព​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ គ្រប់​រូបភាព រួម​មានការ​សម្តែង ថត​ខ្សែភាពយន្ត ខារ៉ា​អូខេ ស្ប៉ត ច្រៀង​បង្ហាញមុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ជាដើម​រយៈពេល​១​ឆ្នាំ គិត​ចាប់​តាំងពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧​មក ៕