(រាជធានីភ្នំពេញ)៖ ផ្លែឈើទាំង៧ប្រភេទនេះគឺជាផ្លែឈើ ដែលជួយធ្វើឲ្យរាងរបស់អ្នកស្វែលស្អាត។ ផ្លែឈើទាំងនេះ មានគុណប្រយោជន៍ចំពោះស្ត្រី និងបុរសដូចគ្នា ចង់ដឹងថាផ្លែអ្វីខ្លះ ហើយមួយថ្ងៃត្រូវបរិភោគប៉ុន្មាន ដើម្បីទទួលបានរូបរាងដ៏គួរឲ្យទាក់ទាញ សូមអានអត្ថបទខាងក្រោមនេះ៖
១. ផ្លែប័រ
នៅក្នុងផ្លែឈើនេះ មានជាតិអាស៊ីត Oleic អ្នកខ្លះបរិភោគផ្លែប័រ ជំនួសបាយ។ ការពិត ផ្លែឈើមិនអាចជួយឲ្យឆ្អែតដូចជាបាយទេ តែផ្លែប័រនេះជួយទប់ទល់ការស្រេកឃ្លានរបស់អ្នក។ វាជួយទប់លំនឹងពោះ ទោះបីអ្នកឃ្លាន តែដូចជាមិនសូវឃ្លាន។បើអ្នកបរិភោគផ្លែប័រ ចំនួនមួយភាគបួននៃផ្លែ ឬមួយចំហៀង នោះអ្នកនឹងឃើញក្បាលពោះ ដ៏ធំគ្រលុករបស់អ្នកស្រកម្តងបន្តិចៗ រហូតដល់បាត់អស់។ ផ្លែប័រមានជាតិម្សៅ ដែលជាបណ្តុំសារជាតិសរសៃ និងប្រូតេអ៊ីនផងដែរ។
២. ផ្លែប្ល៊ូបឺរី
ផ្លែឈើដ៏តូចនេះ ល្បីល្បាញក្នុងការធ្វើឲ្យក្មេងជាងវ័យ។ ក្រៅពីនេះ វានៅអាចជួយឲ្យរាងរបស់អ្នកស្វែលស្អាត ដោយបរិភោគក្នុងមួយថ្ងៃមួយពែង។ ប្ល៊ូបឺរីមួយពែងផ្តល់កាឡូរី ៨០ និងជាតិសរសៃ ៤ក្រាមដល់អ្នក។
៣. សារីក្រអូប
ការស្រាវជ្រាវមួយបានរកឃើញថា នារីដែលបរិភោគផ្លែសារី ក្នុងមួយថ្ងៃអស់ ៣ផ្លែ ទទួលបានកាឡូរីតិច និងស្រកទម្ងន់យ៉ាងច្រើន ច្រើនជាងនារី ដែលមិនបានបរិភោគផ្លែសារីសោះ។ បើអ្នកចង់បានរាងស្អាត អ្នកត្រូវបរិភោគផ្លែសារី ហើយគួរបរិភោគទាំងសំបក ព្រោះទីនោះមានលាក់ជាតិ សរសៃច្រើនបំផុត។
៤. ចេក
ផ្លែចេក គឺល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់។ ចេកខ្ចីតែមួយមានគុណប្រយោជន៍ច្រើនក្រៃ ហើយចេកទុំមួយផ្លែ ក៏មានគុណសម្បត្តិខ្ពស់ដែរ។ ដូច្នេះ បើអ្នកចង់សម្រករាង ចេកគឺជាជម្រើសចម្បង។
៥. ចេក Plantain
ចេកនេះស្រដៀងនឹងចេកស្នាប់មុខ។ ក្នុងមួយថ្ងៃ អ្នកត្រូវចម្អិនចេកនេះ ហើយបរិភោគកន្លះពែង វានឹងដុតបំផ្លាញជាតិធាត់ ក្នុងខ្លួនអ្នកបានយ៉ាងច្រើន។
៦. ក្រូច
ផ្លែក្រូចមិនថាក្រូចលឿង ឬបៃតង (ដូចក្រូចពោធិ៍សាត់) សុទ្ធតែមានផលល្អ សម្រាប់ការថែរក្សារាង។ បើអ្នកបរិភោគផ្លែក្រូច អ្នកនឹងមានអារម្មណ៍ឆ្អែត ហើយនេះនាំឲ្យអ្នកមិនសូវឃ្លាន មិនសូវបរិភោគច្រើន។ បើអ្នកមិនបរិភោគច្រើន នោះរាងរបស់អ្នកក៏មិនរីកដែរ។
៧. ក្រូចថ្លុង
ក្នុងមួយថ្ងៃ មុនអាហារទាំងបីពេល អ្នកគួរបរិភោគផ្លែក្រូចថ្លុង ឲ្យអស់កន្លះផ្លែ។ បរិភោគផ្លែឈើនេះ នឹងជួយឲ្យអ្នកស្រកទម្ងន់ (ប្រហែល) កន្លះគីឡូក្រាម ក្នុងមួយសប្តាហ៍។