តើលោកអ្នកមានគម្រោងសម្រាប់ ដំណើរកំសាន្តនាថ្ងៃចុងសប្តាហ៍ខាងមុខដែរឫទេ? ដើម្បីបញ្ជៀសរាល់បញ្ហាទាំងឡាយ ដែលអាចនឹងកើតឡើងក្នុងពេលធ្វើដំណើរកំសាន្ត អ្នកគួរតែនាំយករថយន្តរបស់អ្នកទៅធ្វើការត្រួតពិនិត្យជាមុនសិន មុននឹងចេញដំណើរកម្សាន្តផ្លូវឆ្ងាយ។ តើមានចំណុចអ្វីខ្លះដែលអ្នកគួរត្រួតពិនិត្យមុនពេលដំណើរ?
ត្រួតពិនិត្យភ្លើងរថយន្ត
អ្វីដែលងាយស្រួលបំផុត និងចាំបាច់បំផុតដែលអ្នកគួរពិនិត្យលើរថយន្តរបស់អ្នកគឺ ប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្ត។ អ្នកត្រូវតែប្រាកដថាប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្តទាំងខាងមុខ និងខាងក្រោយដំណើរការធម្មតាពេលដែលអ្នកបើកបរ ពីព្រោះវាមានសារៈសំខាន់ណាស់ជាពិសេសនៅពេលអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយទៅខេត្តនានាជាដើម។
ត្រួតពិនិត្យសភាពរបស់កង់រថយន្ត
តើអ្នកបានត្រួតពិនិត្យសំបកកង់រថយន្តរបស់អ្នកហើយរឺនៅ? ទាំងនេះជាចំណុចដែលអ្នកគួរតែត្រួតពិនិត្យនៅលើកង់រថយន្តមុនពេលចេញដំណើរ៖ សម្ពាធខ្យល់កង់ សំនឹកកង់ អាយុកាលនៃកង់រថយន្ត និងសភាពរបស់កង់សាគួរផងដែរ។ អ្នកគួរពិនិត្យសម្ពាធខ្យល់កង់រថយន្តជាប្រចាំ រួមជាមួយនឹងស្ថានភាពរបស់កង់ផងដែរ។
តើកង់សាគួររបស់អ្នកអាចប្រើប្រាស់បានដែររឺទេ? តើនៅលើសំបកកង់រថយន្តអ្នកមានស្នាម ឬរងការខូចខាតដែររឺទេ? តើក្រឡានៅលើសំបកកង់របស់អ្នកមានសភាពសឹក ឬចាស់ដែររឺទេ? បើដូច្នេះ តើអ្នកគួរតែប្ដូរសំបកកង់ថ្មីរឺយ៉ាងណា។ ហេតុនេះហើយ អ្នកគួរតែយករថយ្តទៅយានដ្ឋានត្រួតពិនិត្យសំបកង់មុនពេលធ្វើដំណើរកម្សាន្ត។
ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីនផ្សេងៗ
កម្រិតទឹកនិងប្រេងម៉ាស៊ីនផ្សេងៗនៅក្នុងរថយន្តគួរតែត្រួតពិនិត្យឲ្យបានត្រឹមត្រូវដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមាននៅពេលកំពុងបើកបរដូចជា កម្រិតប្រេងម៉ាស៊ីន ប្រេងចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង ធុងទឹក ទឹកលាងកញ្ចក់ខាងមុខ បូករួមទាំងខ្សែរពាននិងទុយោរផងដែរ។ អ្នកគួរតែយករថយន្តទៅយានដ្ឋាន ដើម្បីត្រួតពិនិត្យទៅលើចំណុចទាំងនេះឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងហានិភ័យផ្សេងៗ។