តើគួរថែទាំសក់ដូចម្តេចដើម្បីជាប់បានយូរ បន្ទាប់ពីលាបពណ៌ហើយ

244

រាជធានីភ្នំពេញ៖ លោកអ្នកដឹងរួចមកហើយថា ថ្នាំលាបសក់ទោះមានគុណភាព និងតម្លៃថ្លៃកម្រិតណាក៏ដោយក៏មានផ្ទុកទៅដោយជាតិគីមីដែរ។ វាអាចផ្តល់នូវសម្រស់ដ៏ស្រស់ស្អាតដល់អ្នកបើអ្នកចេះជ្រើសរើសពណ៌ដែលសាកសមនឹងទម្រង់មុខ និងពណ៌សម្បុរស្បែក ហើយវាក៏អាចបំផ្លាញសុខភាពអ្នកបានដែរ បើអ្នកមិនដឹងពីរបៀបកក់សក់ឲ្យបានត្រឹមត្រូវ។

អ្វីក៏ដោយតែងតែមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា ដូច្នេះដើម្បីជៀសផុតពីបញ្ហាទាំងនោះ អ្នកគួរអនុវត្តន៍តាមរបៀបខាងក្រោមនេះ ព្រោះសក់​​​របស់​អ្នក​នឹង​ហូរ​ពណ៌ដែលលាប​មក​តាម​ទឹក​ រាល់​ពេល​កក់​ រហូត​ទាល់​តែ​ជាតិ​ពណ៌​ហើរ​អស់​ពី​សក់​ទើប​លែង​ហូរ​៖

១. គួរពាក់​ស្រោម​ដៃ​ រាល់​ពេល​អ្នកធ្វើការកក់​សក់​ ដើម្បី​ចៀសវាង​ពណ៌​ប្រឡាក់​ដៃ​លាង​មិន​ងាយ​ជ្រះ ឬ​ជាតិ​ថ្នាំ​ស៊ី​ក្រចក។

២. រាល់ពេលកក់សក់អ្នកគួរ​លាង​ស្បែក​ក្បាល​ឱ្យ​បាន​ស្អាត​ ទើប​មិន​ធ្វើ​ឱ្យ​ស្បែក​ក្បាល​រលាក ឬ​រមាស់​ដោយសារជាប់ជាតិថ្នាំ។

៣. គួរកក់សក់ជាមួយទឹកក្តៅអ៊ុនៗ ព្រោះសក់អ្នកពេលត្រូវទឹកអ៊ុនៗវានឹងបើកស្រកានៃសក់ដោយខ្លួនឯង ពេលនោះហើយដែលសាប៊ូអាចជ្រៀតខ្លួនបញ្ចូលសារធាតុបំប៉នដល់សក់អ្នកបានគ្រប់គ្រាន់ (ប៉ុន្តែគួរជៀសវាងទឹកមានកម្តៅខ្លាំងពេក)។

៤. ក្រោយពេល​កក់សក់​រួច គួរ​បន្ទន់​ជាមួយ​ថ្នាំ​បន្ទន់ ឬ​ថ្នាំ​អប់​ដែលជំនួយដល់សក់ ​ដើម្បី​ឱ្យ​សក់​មាន​សំណើម និង​ទន់​ល្អ​។

៥. មិនគួរធ្វើម៉ូតសក់ញឹកញាប់ និងឲ្យសក់ត្រូវកម្តៅខ្លាំង ព្រោះសក់អ្នកបន្ទាប់ពីលាបពណ៌រួចវាត្រូវការពេលវេលាថែទាំមួយរយៈ ដើម្បីឲ្យសុខភាពសក់បានរឹងមាំឡើងវិញ។

៦. កុំឧស្សាហ៍កក់សក់ញឹកពេក ព្រោះសក់របស់អ្នកទើបតែជួបជាមួយនឹងជាតិគីមី វានៅមានសភាពទន់ខ្សោយ ដូច្នេះអ្នកគួរទុកវា៣-៤ថ្ងៃដើម្បីឲ្យចេញប្រេងធម្មជាតិរបស់សក់ ដែលប្រេងនេះមានសារៈសំខាន់ និងគុណប្រយោជន៍ច្រើនដល់សក់អ្នក។