ស្ដ្រីបែបណា ទើបចាត់ថាជាប្រពន្ធល្អ?

214

ខ្លួនជាស្រីមានប្តីហើយ ត្រូវចេះគិតគូរឲ្យបានវែងឆ្ងាយ កុំឆេវឆាវ ងង៉ក់ ដូចក្មេង ក្រែងនៅមិនបានសុខ។ ភរិយាមានតួនាទីដូចខាងក្រោម៖

១.ចាត់ចែងការងារផ្ទះឲ្យបានល្អ៖ រៀបចំទុកដាក់សម្លៀកបំពាក់ ចានឆ្នាំង របស់របរប្រើប្រាស់ បោសច្រាស តុបតែងលំអឲ្យបានស្អាតបាតសមរម្យ។ កុំទុកឲ្យកើតអពមង្គល។ សរុបមកត្រូវមានមារយាទល្អ។

២. ជួយសង្គ្រោះញាតិទាំងសងខាង៖ លកលៃឲ្យបានសមរម្យ កុំស្គាល់តែម៉ែឪឯង ញាតិឯង កុំលបលាក់លុយកាត់ កិបកេងក្រោយខ្នងប្តីឡើយ ពេលគេដឹង មិនបានសុខទេ។

៣. កុំក្បត់ចិត្តប្តី៖ មិនត្រូវលបលួចលាក់ មានសាហាយស្មន់តាមតម្រេកតណ្ហារបស់ខ្លួនឡើយ ព្រោះវាធ្វើឲ្យខូចពូជពង្សវង្សត្រកូល ខូចអនាគត់កូនចៅ ឈ្លោះទាស់ទែងគ្នា រកសុខគ្មានទេ។

៤. រក្សាទ្រព្យឲ្យគង់រង្ស៖ លុយកាក់ដែលប្តីរកមក ត្រូវចេះចាត់ចែងទុកដាក់ សម្រាប់ហូបចុច ប្រើប្រាស់ ឈឺថ្កាត់ ឬមានហេតុការណ៍ណាមួយ។ ចាយវាយឲ្យចេះប្រមោណ មិនត្រូវខ្ជះខ្ជាយពេកទេ ស្រីខ្លះកញ្ជើធ្លុះ យកលុយលេងល្បែង ចាក់កន្ទុយលេខ ផឹកស្រាធ្វើមារយាទថោកទាប បាត់បង់តម្លៃជាស្ត្រី។

៥. ឆ្លាតវាងវៃ មិនខ្ជិលច្រអូស៖ កុំដេកចាំសំណាងប្តី ចេះលៃលកឆ្លៀត រករបរនេះ របរនោះ កុំឲ្យទំនេរអត់ប្រយោជន៍។ កុំខ្ជិលងើបគូទមិនរួច ស្ងាបហាមាត់មួយចំអាម អង្គុយរកចៃមាត់ជណ្តើរ បាយមិននឹក ទឹកមិនដឹង។ ត្រូវរវៀសរវៃប្រើបញ្ញាចាត់ចែងការឲ្យបានសព្វគ្រប់។
ខាងលើនេះគឺជាកាតព្វកិច្ចរបស់ស្ត្រីជាភរិយាខានមិនបាន។ បើស្រីណាធ្វើបានហៅថា ស្រីគ្រប់លក្ខណ៍ បើស្រីណាធ្វើមិនបាន ហៅថា ស្រីខាតលក្ខណ៍ ។

ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍