កវីតូចពេលនេះក្លាយជានេនតូចហើយ! ពេជ្រ ថៃ បួសសងគុណម៉ែចាស់ធ្លាប់ថ្នាក់ថ្នមខ្លួន

478

(ភ្នំពេញ)៖ លើលោកនេះគ្មានអ្វីដែលទៀងទាត់នោះទេ ភាពក្តុកក្តួល និងក្តីឈឺចាប់ឥតឧបមាសម្រាប់ម្ចាស់ពាន The Voice Kids Cambodia ពេជ្រ ថៃ ក្រោយ​ពេលជីដូនដែលខ្លួនគោរពស្រលាញ់ដាក់ស្មើជីវិត រហូតហៅ​ថា «ម៉ែចាស់ៗ» ពេលដែលគ្មាន​ម្តាយឪពុក​នៅក្បែរធ្វើឲ្យមហាជន និងអ្នកគាំទ្រក្មេងតូចដ៏​ឆ្លាតនេះសឹងសម្រក់ទឹកភ្នែកតាមទៅហើយ ដ្បិតម៉ែចាស់របស់ ពេជ្រ ថៃ បានឃ្លាតចាក​ឆ្ងាយ​​គ្មាន​ថ្ងៃ​ត្រឡប់ និងបានមើលថែចៅដ៏គួរឲ្យស្រលាញ់រូបនេះទៀតឡើយ។

ខណៈដែលជីដូនចិញ្ចឹមបីបាច់ខ្លួនតាំងពីតូចក្រូចឆ្មាឈ្មោះរហូតមានឈ្មោះបោះសម្លេងដូចសព្វថ្ងៃបាន​លាចា​ក​លោក​កាលពីថ្ងៃទី០៦ សីហា ថ្មីៗនេះ គេក៏បានឃើញកវីតូច ពេជ្រ ថៃ សម្រក់ទឹកភ្នែកព្រម​ដោយភាព​នឹករឭក​ខ្លាំងដល់ជីដូន ហើយនៅថ្ងៃនេះរូបគេក៏បាន សម្រេចចិត្តកោរសក់ស្លៀកស្បង់បួសសងគុណម៉ែចាស់​ខ្លួនដោយ​ក្តី​ឈឺចាប់រកអ្វីថ្លែងពុំបាន។ រំលេចសារខ្លីអមដោយរូបភាពគ្រងស្បង់មាននាមជានេនតូច ពេជ្រ ថៃ បានថ្លែងថា «អា​ត្មាបួសជាសង្ឃដើម្បីសងគុណលោកយាយរយៈពេល៧ថ្ងៃ»។

ក្រោយឃើញចៅ​ប្រុសដ៏កត្តញ្ញូរូបនេះបានសម្រេចចិត្តដកខ្លួនពីសិល្បៈមួយរយៈដើម្បីបួស​កាន់ទុក្ខឲ្យជីដូនដែល​ខ្លួន​ស្រលាញ់បែបនេះអ្នកគាំទ្រ នេនតូច ពេជ្រ ថៃ ក៏បានចូលរួម​រំលែកទុក្ខដោយក្តីសោកស្តាយរកទីបំផុតគ្មាន ពិសេសនោះអ្នកគាំទ្រក៏បានផ្តាំផ្ញើឲ្យនេន​តូចអង្គនេះឆាប់ធ្វើចិត្តបាន ដ្បិតមនុស្សយើង​កើតមកគ្រប់រូប​តែងមាន​ជួបមានព្រាត់យ៉ាង ដូច្នេះឯង អ្វីដែលនេនតូចគួរធ្វើបន្តនោះ ត្រូវប្រតិបត្តិតាមដំបូន្មាន និងបណ្តាំរបស់ម៉ែចាស់ ដែលគាត់បានផ្តែផ្តាំតាំងពីពេលនៅមានជីវិត និងថ្នមថែ នេនតូច ពេជ្រ ថៃ មកម្ល៉េះ។