ហូបផ្លែ ប៉េងប៉ោះពិតជាមិនអត់ប្រយោជន៍នោះទេ!

734

ផ្លែប៉េងប៉ោះ ជាពពួកផ្លែឈើដែលគេអាចប្រើប្រាស់ស្ទើរតែក្នុងគ្រប់មុខម្ហូប។ វាផ្តល់រសជាតិជូរអែមដល់មុខម្ហូប និងបង្កើនឱជារសកាន់តែឈ្ងុយឆ្ងាញ់។ ប៉ុន្តែអ្នកមានដឹងទេថា ប៉េងប៉ោះសំបូរទៅដោយសារធាតុចិញ្ចឹមយ៉ាងសំបូរបែបដែលផ្តល់ផលវិជ្ជមានជាច្រើនដល់សុខភាពរាងកាយយើង។ ដូច្នេះខាងក្រោមនេះអ្នកនឹងបានយល់ដឹងអំពីអត្ថប្រយោជន៍សុខភាពទាំង ៥ យ៉ាង ដោយគ្រាន់តែហូបប៉េងប៉ោះឲ្យបានជាប្រចាំ៖

១. ប្រឆាំងជំងឺមហារីក ប៉េងប៉ោះ មានផ្ទុកសារធាតុប្រឆាំងនឹងជាតិពុលពិសេសមួយប្រភេទ ដែលគេបានរកឃើញថាចូលរួមចំណែកប្រឆាំងការរីកលូតលាស់នៃកោសិកាមហារីក តាមរយៈការទប់ទល់នឹងប្រតិកម្មអុកស៊ីតកម្មដែលកោសិកាយើងរងឥទ្ធិពលរាល់វិនាទី ដែលជាដើមហេតុធ្វើឲ្យកោសិកាមានការលូតលាស់ខុសប្រក្រតី និងបង្កទៅជាកោសិកាមហារីកនេះឯង។ ការហូបប៉េងប៉ោះឲ្យបានជាប្រចាំ អាចការពារលោកអ្នកពីការវិវឌ្ឍន៍នៃជំងឺមហារីកពោះវៀនធំ ក្រពេញប្រូស្តាត និងជំងឺមហារីកសួត។

២. ប្រឆាំងជំងឺដាច់សរសៃឈាមខួរក្បាល ដូចគ្នានេះផងដែរ សារធាតុប្រឆាំងនឹងជាតិពុលដែលមានផ្ទុកក្នុងផ្លែប៉េងប៉ោះ មានមេកានិចពិសេសមួយទៀត ដោយវាមានតួនាទីក្នុងការប្រឆាំងនឹងបញ្ហាឈាមកកក្នុងសរសៃឈាមដែលច្រើនបណ្តាលមកពីការស្ទះដោយសារកករផ្តុំនៅតាមសរសៃឈាម។ អ្នកដឹងទេថា ការស្ទះសរសៃឈាមតូចៗល្អិតឆ្មារជាពិសេសនៅខួរក្បាល  អាចបណ្តាលឲ្យអ្នកបាត់បង់ស្មារតីភ្លាមៗ ហើយវាអាចប៉ះពាល់ទៅដល់ដំណើរការធម្មតានៃប្រព័ន្ធប្រសាទ និងសរីរាង្គផ្សេងៗទៀត។ ប៉ុន្តែការហូបផ្លែប៉េងប៉ោះឲ្យបានញឹកញាប់ អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន។

៣. ប្រឆាំងនឹងការពុកឆ្អឹង ផ្លែប៉េងប៉ោះ មានផ្ទុកសារធាតុរ៉ែសំខាន់ពីរប្រភេទ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពឆ្អឹងដ៏រឹងមាំ។  ទីមួយ  វាមានផ្ទុកនៅសារធាតុម៉ាញេស្យូម ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការផលិតអរម៉ូនពិសេសម្យ៉ាង (កាល់ស៊ីតូនីន) ហើយអរម៉ូននេះជាភ្នាក់ងារដ៏ចាំបាច់បំផុតក្នុងការចាប់យកសារធាតុកាល់ស្យូមបញ្ចូលក្នុងឆ្អឹងដើម្បីឲ្យឆ្អឹងរឹងមាំ។ ចំណែក ទី២ វិញ វាសំបូរទៅដោយប៉ូតាស្យូម ដែលការពារការខូចខាតកោសិកាឆ្អឹងដោយសារប្រតិកម្មគីមីក្នុងខ្លួន ហើយវាបង្ការការបាត់បង់នូវសារធាតុកាល់ស្យូមនៅពេលយើងចាស់ទៅផងដែរ។