ចុម! បេប៊ី ”អំណាចលុយ” ធ្វើឲ្យអ្នកគាំទ្រមិនតិចនាក់នោះទេមានការភ្ញាក់ផ្អើលខ្លាំង

956

(ភ្នំពេញ)៖ កញ្ញា បេប៊ី បានចេញបទចម្រៀងបែបរ៉េបរបស់ខ្លួន ដែលមានចំណងជើងថា ”អំណាចលុយ” ដែលនាងផលិតផ្ទាល់ខ្លួននោះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្រាប់តែតារាតូចតន់រូបនេះមានការភ្ញាក់ផ្អើលខ្លាំង ព្រោះគ្រាន់តែដាក់បង្ហោះទើបបានប៉ុន្មានម៉ោងសោះ ស្រាប់តែទទួលបានការទស្សនាច្រើនលើសរំពឹងទុក។

បេប៊ី មានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ហើយថែមទាំងត្រៀមចំណាយលុយច្រើន សម្រាប់ការថត MV បទចម្រៀងមួយបទនេះទៀតផង ក្នុងពេលឆាប់ៗខាងមុខនេះ។តារាដែលមានស្បែកសាច់ដូចបណ្ដូលចេករូបនេះ ថ្លែងថា “ការចំណាយលុយធ្វើបទ ”អំណាចលុយ” នេះ គឺមានជំនឿចិត្តថា ពិតជាមិនខកចិត្ត ឥឡូវដូចការរំពឹងទុកមែន ដោយសារតែពេលនេះមានអ្នកគាំទ្របទ១នេះច្រើន ធ្វើឲ្យនាងមានកម្លាំងចិត្តក្នុងការផលិតសម្រាប់បទថ្មីៗតទៅទៀត។ ពិធីការិនី CTN នាងបេប៊ី ក៏បានឲ្យដឹងថា “បទ ”អំណាចលុយ” នេះ នាងនិងក្រុមការងារបានពិភាក្សាគ្នារួចរាល់អស់ហើយថា នឹងធ្វើ MV ឲ្យប្លែកជាងគេ ទោះជាចំណាយលុយបន្ដិចក៏ដោយ ក៏ត្រូវតែមានការសម្រិតសម្រាំងឲ្យពិសេសដែរ ព្រោះនេះជាលើកដំបូងសម្រាប់នាងក្នុងការច្រៀង និងរ៉េបនេះ ហើយទស្សនិកជនបានចូលទៅ Comment ថា នាងធ្វើបានល្អ ហើយពួកគាត់ថែមទាំងអន្ទះសារចង់ឃើញ MV ដែលនាងនឹងផលិតនាពេលខាងមុខនេះថែមទៀតផង។

បេប៊ី ដែលចាប់អាជីពជាតារាសម្ដែង និងពិធីការិនីនោះ បានសម្រេចចិត្តផ្អាកថតភាពយន្ដមួយរយៈ ដោយងាកមកធ្វើបទចម្រៀងដោយខ្លួនឯងវិញ ចេញនៅលើ Youtube ដែលជាការចំណាយប្រាក់ផ្ទាល់ខ្លួន។ មុនល្បីបទ ”អំណាចលុយ” នេះ នាងបេប៊ី ក៏ធ្លាប់ត្រូវបានគេទទួលស្គាល់តាមរយៈបទ ”បូតសណ្ដែក” ដែរ ហើយតារាដែលលេងក្បាច់រាំយ៉ាងរស់រវើកនៅលើឆាកតន្ដ្រី គួរឲ្យក្នក់ក្នាញ់នេះ បានឲ្យដឹងផងដែរថា នៅតាមឆាកតន្រ្ដីទាំងឡាយ នាងកាត់បន្ថយក្នុងការច្រៀងបទគេ តាំងពីមានបទផ្ទាល់ខ្លួននេះ។ យ៉ាងណា ស្រីស្អាតដែលអះអាងថា បេះដូងនៅទំនេររូបនេះ បានតាំងចិត្តថា ទោះជាអាជីពចម្រៀងនាងហក់លោតបន្ដិចមែន តែនាងមិនបោះបង់ការថតសម្ដែង ភាពយន្ដ និងMV របស់ផលិតកម្មផ្សេងៗឡើយ៕