កញ្ញា សុខ ពិសី នៅតែប្រកែកនឹងមិនព្រមសារភាពស្នេហា

435

(ភ្នំពេញ)៖ តារាដែលមានស្បែកសាច់រលើបរលោងម៉ដ្ឋខៃ នាងសុខ ពិសី របស់ផលិតកម្មសាន់ដេ វិញ បានប៉ះរឿងស្នេហ៍ដ៏រសើបជាមួយថៅកែក្មេងផលិតកម្មសាន់ដេ ជាច្រើនឆ្នាំដែរ ហើយតែរហូតមកដល់ពេលនេះ ទាំងពិសី និងលោកចំរើន នៅតែមិនហ៊ានសារភាពស្នេហ៍នោះទេ ដោយព្យាយាមមិនចង់និយាយរឿងនេះដូចគ្នា និងពេលខ្លះមិនពេញចិត្តឱ្យអ្នកកាសែតសួរនាំរឿងនេះទៀតផង។

មហាជនចង់ឃើញសុខ ពិសី បង្ហាញភក្តីភាពរឿងស្នេហាដូចឱក សុគន្ធកញ្ញា និងមាស សុខសោភា នៅពេលនេះដែរ ព្រោះថា បើនាងភ្ជាប់ស្នេហ៍ជាមួយលោកថៅកែក្មេងសាន់ដេ មែន គឺជារឿងល្អមួយ ដែលធ្វើឱ្យអ្នកគាំរតរបស់នាងសប្បាយចិត្តជាមិនខាន ព្រោះលោកឡាយ សុខចំរើន មិនទាន់មានប្រពន្ធកូនហើយ ជាមនុស្សដែលមានទំនាក់ទំនងល្អក្នុងសិល្បៈ ជាមួយតារាទូទៅផងដែរ។ ប៉ុន្តែគេអាចសន្និដ្ឋានបានថា បើពិសី នៅតែមិនហ៊ានសារភាពស្នេហ៍ដូចសុគន្ធកញ្ញា និងសុខសោភា នោះ ច្បាស់ណាស់ថា គ្មានហេតុផលណាក្រៅពីនាងខ្លាចប៉ះពាល់ដល់អាជីពសិល្បៈនោះឡើយ ព្រោះថា ពេលនេះកំពុងត្រូវប៉ាន់ទាំងអាជីពចម្រៀង និងការថតស្ពតពាណិជ្ជកម្ម។ ប៉ុន្តែការលាក់ស្នេហារបស់សុខ ពិសី នេះដែរ ត្រូវបានអតីតតារាភាពយន្តជើងចាស់ អ្នកស្រីឌី សាវ៉េត  បានអះអាងថា មិនមែនជារឿងត្រឹមត្រូវនោះទេ ព្រោះតារាល្បី ទោះជាមានប្តីកូនទៅហើយ ក៏នៅតែល្បីដដែល ព្រោះសម្អាងថា ទស្សនិកជននៅតែត្រូវការស្តាប់បទចម្រៀង និងមើលការសម្តែងរបស់ពួកគេអញ្ចឹង ។

ទាក់ទងទៅនឹងរឿងនេះ ពិសី នៅតែប្រកាន់ជំហរថា នាងនិងលោកចំរើន រាប់អានគ្នាជាមេនិងកូនចៅ មិនមែនជាអូននិងបងទេ។ ការវាចារបស់ពិសី បែបនេះ មិនសូវត្រូវបានអ្នកសិល្បៈរួមអាជីពជឿជាក់ច្រើននោះ ទេ តែផ្ទុយទៅវិញ បែរជាមានតារាខ្លះនិយាយដៀមដាមដាក់នាងទៅវិញថា តើប្រឹងលាក់ដល់ពេលណាទៀតទៅ បើគេដឹងអស់ទៅហើយ? សុខ ពិសី មិនតតបនោះទេ ហើយនាងធ្លាប់ប្រាប់អ្នកកាសែតថា បុរសណាដែលនាងជ្រើសជាគូស្នេហ៍ គឺទាល់តែពេលនាងចែកធៀបការ ទើបដឹងទាំងអស់គ្នា តែពេលនេះនាងសូមផ្តោតលើការច្រៀងសម្តែងឱ្យបានល្អជាងនេះ មិនចាំបាច់បង្ហាញមុខគូស្នេហ៍ឡើយ៕