ស្រ្តីកំពុងមានផ្ទៃពោះ ដាច់ខាតកុំឱ្យស្ត្រេសខ្លាំងពេក ព្រោះវាអាចឆ្លងដល់កូនស្រី រីឯកូនប្រុសវិញ..

126

អ្នកគួរតែអាន! ការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវនៅអាល្លឺម៉ង់ ភាពស្មុគស្មាញ ឬតានតឹងក្នុងចិត្ត (Stress) អាចធ្វើឱ្យមនុស្សបញ្ចេញអរម៉ូន cortisol ដែលជាហេតុកាត់បន្ថយភាពប្រទាក់គ្នានៃកោសិកាខួរក្បាល ត្រង់ផ្នែកដែលរ៉ាប់រងខាងផ្លូវអារម្មណ៍ ក្នុងទារកដែលទើបកើតថ្មីៗ។

ការសិក្សានេះបានបន្ថែមថា ការថយចុះនៃកោសិកាខួរក្បាល អាចធ្វើឱ្យប៉ះពាល់សុខភាពខួរក្បាល របស់ទារិកា (កូនស្រីទើបនឹងកើត) ដោយក្មេងស្រីអាយុត្រឹម ២ ឆ្នាំ អាចធ្លាក់ក្នុងសភាពបាក់ទឹកចិត្ត និងថប់អារម្មណ៍ ប្រសិនបើម្តាយរបស់ខ្លួនមានបញ្ហាស្ត្រេសអំឡុងពេលពរពោះ ខណៈកូនប្រុសវិញ មិនប៉ះពាល់អ្វីឡើយ។ នោះក៏ព្រោះតែស្ត្រីភេទគ្រប់វ័យ “ឆាប់មានបញ្ហាអារម្មណ៍ខ្លាំងជាងបុរស”។ មុននឹងបានលទ្ធផលដូចខាងលើ អ្នកស្រាវជ្រាវមួយក្រុមមកពីសាកលវិទ្យាល័យ Charité ក្នុងក្រុងប៊ែរឡាំង បានវិភាគកម្រិតអរម៉ូន cortisol ក្នុងខ្លួនស្ត្រីមានផ្ទៃពោះចំនួន ៧០ នាក់។ ស្ត្រីទាំងនោះបានផ្តល់គំរូទឹកមាត់ ៥ ដង ក្នុងមួយថ្ងៃ ក្នុងរយៈពេល ៤ ថ្ងៃជាប់ៗគ្នា នៅអំឡុងដំណាក់កាលដំបូង ពាក់កណ្តាល និងចុងក្រោយនៃការពរពោះ។

ក្រោយមក ទារកដែលកើតទាំងប៉ុន្មានត្រូវបានស្គែនក្នុងម៉ាស៊ីន MRI ខណៈកំពុងគេងលក់ នៅអាយុទើបបាន ៤ សប្តាហ៍ ។ លុះដល់ ២ ឆ្នាំក្រោយ ម្តាយ ៤៥ រូបរបស់កុមារទាំងនោះ បានរាយការណ៍ថា កូនៗរបស់ខ្លួនឧស្សាហ៍កើតទុក្ខ ឯកា បារម្ភ ឬ អៀនប្រៀន ក៏ដូចជាមានបញ្ហាគេងមិនលក់ បញ្ហាក្នុងការសប្បាយតាមទម្លាប់ក្មេងៗ ព្រមទាំង បញ្ហាក្នុងការចុះសម្រុងជាមួយក្មេងៗដទៃ។  ក្រៅពីនេះ មាតាដែលកំពុងមានកូនក្នុងផ្ទៃ ត្រូវចៀសវាងគ្រឿងស្រវឹង ព្រោះវាបង្កើនហានិភ័យក្នុងការធ្វើឱ្យទារកមានកម្រិតបញ្ញាទាប (Low IQ) និងខ្វះភាពរស់រវើក (ភ្លឹកៗ)៕