គៀត សុវណ្ណាឡាង ធ្វើឲ្យថៅកែទឹកកកខកចិត្តមិនស្ទើរនោះទេ

213

(ភ្នំពេញ)៖ កញ្ញា គៀត សុវណ្ណាឡាង ដែលត្រូវលោកថៅកែទឹកកកធំមួយ នៅក្រុងកំពង់ចាម សំណូមពរឱ្យនាងរៀបការជាមួយអតីតសង្សារអ្នកមេម៉ាយកែវ និសា គឺប្រុសក្មេងលឹម ជាឡាយ ហើយថ្លៃការចំណាយសព្វគ្រប់បែបយ៉ាងទាំងអស់ គឺលោកថៅកែជាអ្នករ៉ាប់រងនោះ ពេលនេះ ស្រីស្អាតសុវណ្ណាឡាង ថា នាងមិនអាចធ្វើតាមការចង់បានរបស់លោកថៅកែបានទេ ព្រោះថា ពេលនេះនាងនៅតែមិនច្បាស់លាស់រឿងទាក់ទងជាមួយជាឡាយ ថា យ៉ាងណាដដែល។

ការថ្លែងរបស់តារាកូនកាត់ចិននេះ ហាក់ស្ទាក់ស្ទើរក្នុងការព្រមទទួលយកលោកជាឡាយ ជាប្តីតាមរយៈការចូលរោងការតាមប្រពៃណីខ្មែរ ព្រោះពេលនេះនាងអាចសម្លឹងមើលជាឡាយ ឱ្យបានច្បាស់លាស់ជាមុនសិន ទើបសម្រេចចិត្តជាក្រោយដែលចំណុចនេះ ហាក់ផ្ទុយនឹងការចង់បានរបស់លោកថៅកែទឹកកកក្រុងកំពង់ចាម ដែលចង់ឃើញស្រីស្អាតសុវណ្ណាឡាង និងប្រុសសង្ហាជាឡាយ រៀបការជាមួយគ្នា និងមិនចាំបាច់គិតគូរច្រើនទេ ព្រោះថា អ្នកទាំង2ស័ក្តិសមគ្នាខ្លាំងណាស់។

គៀត សុវណ្ណាឡាង វាថា “និយាយទៅ រឿងខ្ញុំនិងជាឡាយ ហ្នឹង ឥឡូវពីណាក៏គេថា យើងជាសង្សារគ្នាដែរ ដោយសារតែខ្ញុំនិងគាត់ បានថតរឿងជាមួយគ្នា និងស្និទ្ធស្នាលគ្នាអីហ្នឹង។ ខ្ញុំមិនអាចនិយាយរឿងរៀបការហ្នឹងបានទេ ព្រោះវែងឆ្ងាយណាស់ ហើយពេលនេះអាចនិយាយបានថា យើងគ្រាន់តែជាមិត្តរួមអាជីពជាមួយគ្នា តែថ្ងៃមុខទៀត យើងមិនដឹងថា យ៉ាងណាទេ”។ បើទោះជាគៀត សុវណ្ណាឡាង នៅតែមិនព្រមសារភាពស្នេហ៍លឹម ជាឡាយ ក៏ដោយ តែអ្នកសិល្បៈជាច្រើនបានឱ្យដឹងថា សកម្មភាពរបស់ស្រីស្រស់ប្រុសសង្ហា1គូនេះ ដូចប្តីប្រពន្ធ អ៊ីចឹងហើយទំនាក់ទំនងរបស់ពួកគេត្រូវបានក្រុមគ្រួសារទាំងសងខាងដឹងឮ និងគ្មានអ្នកណាប្រឆាំងឡើយ។ តារាមួយចំនួនបានឱ្យដឹងថា គៀត សុវណ្ណាឡាង អាចមានជ្រើសស្នេហ៍ច្រើន ទើបនាងមិនព្រមសារភាពស្នេហ៍ជាឡាយ នោះ ដោយសារមិនចង់បិទផ្លូវមន្ត្រីធំៗជាច្រើននាក់ ដែលតាមស្នេហ៍នាងដែរ។ចំណែកតារាខ្លះទៀតបានឱ្យដឹងថា សុវណ្ណាឡាង នៅតែព្យាយាមលាក់រឿងស្នេហាជាមួយជាឡាយ ព្រោះនាងមិនចង់មានស្នេហាត្រីកោណជាមួយអ្នកមេម៉ាយ កែវ និសា ដែលជាសង្សារចាស់ជាឡាយ ហេតុនេះហើយបានជានាងនៅតែថា ទាក់ទងជាឡាយ ត្រឹមជាមិត្តភក្តិ ខណៈដែលអ្នកសិល្បៈជិតដិត បានបង្ហើបឱ្យដឹងថា គូស្នេហ៍នេះបានស្រលាញ់គ្នាខ្លាំងណាស់ ហើយពួកគេហៅគ្នាអូនបងៗ ដូចប្តីប្រពន្ធ ទើបរៀបការហើយអ៊ីចឹង៕