ស្បែកខ្លាញ់ ផាត់មុខបែបណា កុំឱ្យរងើម?

819

(សម្រស់)៖ ពេលថ្ងៃ ស្ត្រីស្បែកខ្លាញ់ តែងតែឃើញមុខខ្លាញ់រងើម ត្រូវផ្តិតជាតិខ្លាញ់ជាញឹកញាប់ ធ្វើឱ្យការតែងមុខផាត់មុខ មិនសូវជាប់បានយូរ ហើយថែមទាំងមើលទៅមុខស្រអាប់ ដោយសារតែភាពរងើមនោះ។ ក្នុងការផាត់មុខ ស្ត្រីអាចមានកំហុសខ្លះៗដោយមិនដឹងខ្លួន។ តិចនិកខាងក្រោម អាចជួយឱ្យការផាត់មុខ ប្រសើរឡើងបានដូចជា ៖

1-ប្រើផលិតផលថែស្បែក (Skin Care) តិចតួច ៖ ជាជំហានដំបូង ផលិតលផលថែស្បែក  ត្រូវតែជាប្រភេទដែលឆាប់ជ្រាបចូលក្នុងស្បែក ដូចជា Lotion or Milk។ បើប្រើប្រភេទសាច់ក្រែម (Cream) ជាប្រភេទសាច់ក្រាស់ គួរតែដូរចេញជាបន្ទាន់។ 2-បាញ់ទឹករ៉ែលើស្បែកសិន មុននឹងផាត់មុខ ៖ ដើម្បីសម្រួលតុល្យភាពសំណើមលើស្បែក  និងជួយបន្ថយជាតិខ្លាញ់នៃស្បែក។

3-ចៀសវាងប្រើក្រែមការពារកម្តៅថ្ងៃ ប្រភេទក្រែម ៖ គួរប្រើក្រែមការពារកម្តៅថ្ងៃ ប្រភេទទឹកប្រភេទស៉្ប្រៃយ៍ ឬប្រភេទចេល ជាការល្អ។ 4-ម្សៅព្រីម័របែបចេល កុំឱ្យខ្វះ ៖ ម្សៅព្រីម័រ (Primer) គួរប្រើតិចតួច បើប្រើប្រភេទក្រែម (Cream) គួរដូរចេញ។ សាកល្បងប្រើប្រភេទចេលប្រភេទស៊ីលីកូន ល្អសម្រាប់អ្នកស្បែកខ្លាញ់ រួចរង់ចាំ5នាទី។ 5-ម្សៅទ្រនាប់ប្រភេទគ្មានជាតិខ្លាញ់ (Oil Free) ៖ ប៉ុន្តែ បើស្បែកល្អស្រាប់ហើយ មិនបាច់ទេ។ តែបើមិនសូវជឿជាក់លើស្បែកមុខរបស់ខ្លួន អាចមានស្នាមមុនជាំមុខស្នាមជ្រីវជ្រួញ បើចាំបាច់ខ្លាំង សឹមប្រើម្សៅទ្រនាប់ ដោយគួរជ្រើសរើសប្រភេទសាច់ស្តើង ឬប្រភេទគ្មានជាតិខ្លាញ់។ ប្រើតិចតួច លាបតែ5ចំណុចលើមុខ រួចសឹមផាត់ឱ្យសព្វ។ 6-ម្សៅហុយប្រភេទស្រាល (Translucent) ៖ អ្វីៗជាប្រភេទស្រាលទាំងអស់ សូម្បីម្សៅហុយ ដែលប្រើជាចុងក្រោយ ក៏គួរតែជាប្រភេទស្រាលដែរ។ 7-ម្សៅផាត់ថ្ពាល់ប្រភេទម្សៅហុយ ៖ កុំប្រើប្រភេទក្រែម (Cream) ឱ្យសោះ គួរប្រើប្រភេទម្សៅហុយល្អជាង ផាត់ឱ្យសមល្មម ជាការស្រេច។ 8-លាបក្រែមពណ៌ភ្លឺផ្លេក ៖ សាច់ម្សៅពណ៌ស្រអាប់អាប់ពេញមុខទៅ ហើយចំពោះបបូរមាត់ អាចប្រើពណ៌ភ្លឺផ្លេកបាន ព្រោះបើប្រើ ក្រែមលាបបបូរមាត់ពណ៌អាប់ទៀត នឹងធ្វើឱ្យឆាប់ឃើញភាពរងើមលើផ្ទៃមុខ។ បើបបូរមាត់រលោងភ្លឺផ្លេក នឹងទាក់ទាញចំណាប់អារម្មណ៍ចេញពីជាតិខ្លាញ់ ឱ្យមកផ្តោតចំណាប់អារម្មណ៍លើបបូរមាត់វិញ។

9-បញ្ចប់ដោយស៉្ប្រៃយ៍ទឹករ៉ែ ៖ សំខាន់ណាស់សម្រាប់ការផាត់មុខ តែងមុខពេលចុងក្រោយ។ ស៉្ប្រៃយ៍ទឹករ៉ែ ក៏អាចបាញ់បន្ថែមនៅពេលថ្ងៃផងដែរ ព្រោះអាចធ្វើឱ្យស្បែកមុខមិនសូវមានជាតិខ្លាញ់ ហើយក៏ធ្វើឱ្យគ្រឿងសម្អាង ជាប់បានយូរផងដែរ៕