ស្ត្រីមានគភ៌ ត្រូវជៀសវាងដាច់ខាត ដើម្បីសុខភាពទារកក្នុងផ្ទៃ!

434

រយៈពេលបង្កកំណើតទារក អាចយូរគ្រាន់បើ ដូច្នេះ ឥរិយាបថមួយចំនួនក្នុងការរស់នៅអាចប៉ះពាល់ដល់សុខភាពរបស់កូនក្នុងផ្ទៃយ៉ាងធ្ងន់ធ្ងរ។ ខាងក្រោមជាទង្វើទាំង ៤យ៉ាងដែលម្តាយកំពុងមានផ្ទៃពោះគ្រប់រូបត្រូវចៀសវាងឲ្យឆ្ងាយជាដាច់ខាត៖

១. ការផឹកគ្រឿងស្រវឹង

ការពិសាគ្រឿងស្រវឹង នៅពេលកំពុងមានគភ៌អាចផ្តល់ផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅដល់ទារកក្នុងផ្ទៃ។ សារធាតុអាល់កុលក្នុងសុរា អាចជ្រាបចូលតាមរនាំងសុក ដែលជាផ្លូវចេញចូលតែមួយគត់ ភ្ជាប់រវាងទារក និងម្តាយ។ ការជ្រាបចូលនៃសារធាតុអាល់កុលនេះអាចធ្វើឲ្យទារកកើតមកជួបនូវបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរមួយចំនួនដូចជា៖

ក. រាងកាយមានការដុះលូតលាស់ខុសប្រក្រតី ដូចជាក្រិន ឬ លូតកម្ពស់យឺត

ខ. បញ្ញាពុំមានភាពវាងវៃ

គ. ការគ្រប់គ្រង និង បញ្ចេញចលនារាងកាយខុសប្រក្រតី 

២. ការពិសាកាហ្វេហួសហេតុ

ដូចគ្នាផងដែរ សារធាតុកាហ្វេអ៊ីនទទួលបានពីការពិសាកាហ្វេច្រើនហួសហេតុ ក៏អាចមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃដែរ។ កាលណាម្តាយកំពុងពរពោះ ពិសាកាហ្វេច្រើនហួសកម្រិតអាចជួបនឹងបញ្ហាដូចជា កូនកើតមកមិនគ្រប់ទម្ងន់ និងជាពិសេស អាចរលូតកូនទៀតផង។ បើទោះបីជាយ៉ាងណាក៏ដោយ ម្តាយដែលកំពុងមានគភ៌ក៏នៅតែអាចធ្វើការទទួលទានកាហ្វេដែរ  តែត្រូវចាំបាច់ពិសាក្នុងកម្រិតមួយកំណត់ជាក់លាក់ ដែលមិនត្រូវលើស ២០០មីលីក្រាមនៃសារធាតុកាហ្វេអ៊ីននោះទេ ពោលគឺត្រឹម ១កែវក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ 

៣. ការលើកអីវ៉ាន់ធ្ងន់ៗ

នេះបើយោងទៅតាមមជ្ឈមណ្ឌលស្ត្រីមានផ្ទៃពោះនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះចាំបាច់ត្រូវចៀសវាងជាដាច់ខាតពីការលើករបស់របរធ្ងន់ៗ ពីព្រោះ ស្រ្តីភាគច្រើនការប្រើប្រាស់កម្លាំងកាយខ្លាំងអាចបណ្តាលឲ្យបញ្ហាមួយចំនួនដូចជា៖

ក. ធ្វើឲ្យស្បូនមានការកន្ត្រាក់ ដែលអាចបណ្តាលឲ្យរលូតទារកក្នុងផ្ទៃ

ខ. អាចឲ្យទារកកើតមុនខែ

៤. ការប៉ះពាល់ផ្សែងបារី ឬជក់

មិនថាស្ត្រីមានផ្ទៃពោះជក់ដោយផ្ទាល់ ឬហិតក្លិនផ្សែងដោយប្រយោលនោះទេ សុទ្ធតែអាចប៉ះពាល់ដល់សុខភាពខ្លួនផ្ទាល់ផង និងសុខភាពទារកក្នុងផ្ទៃផង។ ការជក់ ឬហិតផ្សែងបារី អាចបណ្តាលឲ្យមានបញ្ហាសុខភាពស្មើៗគ្នា ដូចជា បង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមាត់ធ្មេញ និងជំងឺមហារីកសួត។ ចំពោះស្ត្រីកំពុងមានផ្ទៃពោះ ការប៉ះពាល់នូវផ្សែងបារី អាចនាំនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ទារកក្នុងផ្ទៃដូចជា៖

ក. កូនកើតអត់គ្រប់អាយុ

ខ. រូបសម្បត្តិមិនគ្រប់លក្ខណៈ ដូចជា បបេមាត់ព្រែក អាចបាត់ម្រាមដៃជើង មុខមាត់ខុសប្រក្រតី

គ. អាចរលូតកូន 

ឃ. ទារកអាចស្លាប់ភ្លាមៗនៅពេលកំពុងដេក