(ភ្នំពេញ)៖ ចូលរួមត្រេកអរផង ភរិយា តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ អ្នកនាង សែ ចាន់ឌី ត្រូវបានជ្រើសរើសដោយរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យចូលរួមក្នុងកម្មវិធី ទស្សនកិច្ចអ្នកដឹកនាំអន្តរជាតិ (IVLP) ក្នុងនាមជាសហគ្រិននារីកម្ពុជាវ័យក្មេង។
នៅលើបណ្ដាញសង្គមរបស់ម្ចាស់បទ “គេមិនបានស្រលាញ់យើងទេ” បានសរសេរថា ៖ “ជាមោទនភាពណាស់ដែលភរិយារបស់ខ្ញុំ ជាសហគ្រិននារីកម្ពុជាវ័យក្មេងត្រូវបានជ្រើសរើស ដោយរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកអោយចូលរួមក្នុងកម្មវិធី ទស្សនកិច្ចអ្នកដឹកនាំអន្តរជាតិ (IVLP)។ ជូនពរអូនសម្លាញ់ ជោគជ័យ សុខសប្បាយទាំងទៅទាំងមកណាប្រពន្ធសម្លាញ់”។
សម្រាប់ភរិយារបស់លោក ឆាយ វីរៈយុទ្ធ ត្រូវបានគេដឹងថា បានបញ្ចប់បរិញ្ញាបត្រផ្នែកជំនាញសហគ្រិន ដោយអ្នកនាងបានបើករបរលក់អង្ករ និងបន្ថែមពីនេះ អ្នកនាងក៏ជាអ្នកនិពន្ធ ផងដែរ។ អ្នកនាង សែ ចាន់ឌី ជាកូនស្រីរបស់អ្នកជំនួញល្បីល្បាញនៅក្រុងកំពង់ចាម ដែលជាសេដ្ឋីម៉ាស៊ីនកិនស្រូវ ព្រមទាំងមានដីច្រើនហិកតាផងដែរ ដូច្នេះហើយ ក៏ជាសហគ្រិនវ័យក្មេងម្នាក់ផងដែរ៕