Dj Nana៖ តម្រង់ទៅគោលដៅ ​តែកុំភ្លេចមើលទេសភាពតាមផ្លូវផង

342

រាជធានីភ្នំពេញ៖ អ្នកខ្លះព្រោះដើម្បីសម្រេចគោលដៅជីវិតរបស់ខ្លួន ​នាំគ្នាធ្វើការគ្មានឈប់​ ធ្វើការ​រហូត​គ្មានពេលគយគន់ទេសភាពដែលមានតាមដងផ្លូវនៃជីវិត​។​​ Dj Nana បានលើកទ្បើងថា​ ដើម្បីជីវិតជោគជ័យ​យើងត្រូវតម្រង់ទៅរកគោលដៅ​តែកុំភ្លេចមើលទេសភាពតាមផ្លូវនោះផង។

តើទេសភាពតាមដងផ្លូវនោះគឺជាអ្វី?

បើតាម​ Dj ពេលយើងទៅផ្ទះ​មានទេសភាពល្អៗ​ដែលយើងគួរមើល ​កុំចាំដល់ផ្ទះទើប​បានមានពេលមើល។​ Dj Nana បានពន្យល់ថែមទៀតថា ​ចង់ឲ្យជីវិតយើងមានន័យ​នៅតាមផ្លូវទៅផ្ទះ​ត្រូវដកដង្ហើមមួយៗ​ស្រូបយកខ្យល់អាកាសល្អៗ​ដែលមាននៅតាមផ្លូវនោះ។

នេះជាន័យធៀបដែល Dj Nana ​បានលើកយកពន្យល់។​បើនិយាយជាន័យត្រង់វិញ​ខ្ញុំសូមពន្យល់ថា ​បើអ្នកខំសម្រេចគោលដៅ​ដោយមិនបានរីករាយ​នឹងអ្វីដែលអ្នកកំពុងធ្វើទេ​ នោះ​អ្នកកំពុងចាយជីវិតដោយខ្វះប្រសិទ្ធិភាពហើយ​។​ថាមិនថា​ ពេលទៅដល់គោលដៅហើយ​ ក៏អ្នកនឹងមានអារម្មណ៍​ថា​ស្តាយក្រោយដែរ​ស្តាយដែលគ្មានពេលរីករាយនឹងជីវិត។

នៅតាមផ្លូវទៅគោលដៅ​របស់អ្នកនៅក្នុងការរកសុីក្តី​ ឬធ្វើការឲ្យគេក្តី​បើអ្នកចង់សម្រាកខ្លះ ​អ្នកគួរសម្រាកបន្តិចទៅ ​មិនខាតពេលអ្វីទេ។ ពេលខ្លះ​មានជោគជ័យតូចៗ​ជាច្រើន ​ដែលកើតទ្បើង​នៅតាមផ្លូវ​ នេះហើយ​ជាទេសភាព​ដែលអ្នកគួរគយគន់ផង​ កុំចាំតែជោគជ័យធំទើបចេះអបអរ។

នៅតាមដងផ្លូវនោះទៀតសោធ​ក៏នឹងមានឧបសគ្គជាច្រើន​មករង់ចាំយើងរួចជាស្រេច។​ចំពោះខ្ញុំ​វិញ ​ខ្ញុំនឹងស្វាគមន៍ឧបសគ្គទាំងនោះ ដោយក្តីរីករាយ​បំផុត​ទោះសែនលំបាក​យ៉ាងណា ​ព្រោះតែឧបសគ្គទាំងនោះ​នឹងក្លាយជាគ្រូជីវិត នៅតាមផ្លូវទៅរកគោលដៅ​របស់ខ្ញុំ។

Dj Nana ក៏បានពន្យល់ន័យត្រង់របស់ប្រធានបទមួយនេះដែរថា ​វាជារឿងគ្រោះថ្នាក់​ប្រសិនបើយើងគិតតែសម្រុកសម្រេចគោលដៅ​​ដោយមិនបានគិត ឬមើលពីទេសភាពជុំវិញខ្លួន។​ លោកអ្នក​គួរមានពេលខ្លះ​ មើលថែខ្លួនឯង​និង​មនុស្សជុំវិញខ្លួនឯងផង​ ព្រោះទាំងខ្លួន​អ្នក​ និង​មនុស្សដែលអ្នកស្រទ្បាញ់ ជុំវិញខ្លួន​គឺសំខាន់ជាងគោលដៅនោះទៅទៀត។

ទាំងនេះហើយជាខ្លឹមសារត្រង់​នៃឃ្លា​របស់ Dj Nana ​ដែលថា​តម្រង់ទៅរកគោលដៅ​តែកុំភ្លេចមើលទេសភាពតាមដងផ្លូវផង។ សូមរីករាយនឹងដំណើរចេញរកសុី​របស់លោកអ្នក ​សូមគយគន់ទេសភាពតាមផ្លូវឲ្យបានច្រើន​ តាមតែអាចធ្វើទៅបាន៕

Never forget to enjoy

តម្រង់​ទៅ​គោល​ដៅ តែ​កុំ​ភ្លេច​មើល​ទេស​ភាព​តាម​​ផ្លូវ​ផង

Gepostet von Dj Nana TV am Donnerstag, 27. September 2018

ប្រភព៖ Business Cambodia