ការគេង​លក់​ស្កប់ស្កល់ ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សុខភាពយើង!

884

(សុខភាព)៖ ជាធម្មតា មនុស្សពេញវ័យត្រូវការគេងពី ៧ ទៅ៩ម៉ោងក្នុងមួយយប់ ប៉ុន្តែយើងមិននិយាយអំពីរយៈពេលឡើយ តែយើងនិយាយអំពីគុណភាពនៃការគេងវិញ។ ដូចអ្នកដឹងហើយថា ការគេងនឹងជួយស្តារ នូវលក្ខណៈធម្មតារបស់រាងកាយជាពិសេសរបៀប ដែលយើងឆ្លើយតបនឹងភាពស្រ្តេស ព្រមទាំងប្រព័ន្ធសរសៃប្រសាទអូតូម៉ាតិច ក្នុងការសម្របសម្រួលរាងកាយ​ ទាំងមូលផង។ នៅពេលដែលមិនបានគេងគ្រប់គ្រាន់ អតុល្យភាពនៃប្រព័ន្ធជាច្រើនក្នុងរាងកាយនឹងកើតឡើង។

បើសិនជាអ្នកកំពុងតែឆ្ងល់ថា ហេតុអ្វីបានជាយើងត្រូវការគេងឲ្យមានគុណភាព ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលអ្នកគួរតែ កត់ចំណាំទុក និងកុំភ្លេចចែករំលែក ដល់មនុស្សគ្រប់គ្នាផង៖
សម្រួលដល់អ័រម៉ូនហេតុផលមួយដែលអ្នកត្រូវការគេង ឲ្យបានស្កប់ស្កល់ គឺ​វាជួយដល់ការផលិតរបស់អ័រម៉ូន។ នៅពេលអ្នកមិនបានគេង វានឹងមានការថយចុះរបស់អ័រម៉ូនលូតលាស់ ដែលរាងកាយត្រូវការ ដើម្បីជួយដល់ការលូតលាស់នានា ហើយវាក៏ជាហេតុផល ដែលធ្វើឲ្យរបួសនានាក្នុងខ្លួនក្រជាដែរ។

គ្រប់គ្រងទម្ងន់នៅពេលអ្នកគេងបានគ្រប់គ្រាន់ អ្នកនឹងមិនងាយឡើងទម្ងន់ឡើយ ដោយសារតែអ័រម៉ូន Ghrelin និង Leptin ជាអ្នកគ្រប់គ្រងការឃ្លានអាហារនោះ មានតុល្យភាព។ នៅពេលដែលគេងមិនបានគ្រប់គ្រាន់ រាងកាយនឹងងាយឃ្លានអាហារណាស់ ដើម្បីអាចជួសជុលអ្វីដែលខ្វះខាត។ ជាអកុសល្យ រឿងនេះងាយនឹងធ្វើឲ្យអ្នកញ៉ាំច្រើន ខុសពីធម្មតារហូតដល់ឡើងទម្ងន់។

ច្រោះជាតិពុលក្នុងខ្លួនអ្នកប្រហែលជាមិនបានដឹងរឿងនេះទេ ប៉ុន្តែខួរក្បាលរបស់មនុស្សយើងត្រូវការគេង ដើម្បីចូលរួមក្នុងការច្រោះជាតិពុលពីក្នុងខ្លួន។ ជាតិពុលអាចនឹងប្រមូលផ្តុំច្រើន ជាមួយនឹងប្រតិកម្មគីមីជាច្រើន ដែលកើតឡើងក្នុងខួរក្បាល ដូច្នេះវានឹងបញ្ចេញពីក្នុងខ្លួនវិញ នៅពេលគេងលក់ស្រួល។ សារធាតុ Glutathione ដែលជាអង់ទីអុកស៊ីដង់នោះ ត្រូវបានផលិតឡើងក្នុងថ្លើម ហើយក៏ជាតម្រូវការសម្រាប់ការពារពីជំងឺរ៉ាំរ៉ៃដែរ។ នៅពេលយើងគេងមិនបានគ្រប់ រាងកាយនឹងមិនអាចផលិតអង់ទីអុកស៊ីដង់នេះ បានគ្រប់គ្រាន់ឡើយ។

បង្កើនការចងចាំហេតុផលមួយផ្សេងទៀត ដែលយើងត្រូវការគេងនោះគឺថា វាជួយដល់ការបង្កើនការចងចាំមនុស្សយើង។ នៅពេលគេងមិនបានឆ្អែត ការចងចាំនឹងរងការប៉ះពាល់។ រឿងនេះអាចនឹងធ្ងន់ធ្ងរទៅៗ នៅពេលកម្រិតនៃភាពស្រ្តេសរបស់យើងកើនឡើង ដោយសារតែការកើនឡើង របស់សារធាតុ Cortisol ក្នុងពេលស្រ្តេស។