ចូរកុំរស់នៅក្រោមក្រសែភ្នែកអ្នកដ៏ទៃ តែចូរធ្វើអ្វីដែលអ្នកស្រលាញ់

79

បច្ចុប្បន្ននៅក្នុងសង្គមដែលយើងរស់នៅប្រចាំថ្ងៃសម្បូរពោរពេញទៅដោយមនុស្សនិយាយដើមគេ ចូលចិត្តការប្រៀបធៀបគ្នាណាស់ ។ ដោយសារតែបែបនេះហើយយើងឃើញថាមានមនុស្សមួយភាគធំដើម្បីតែចង់បានការសរសើរពីមាត់គេ សុខចិត្តធ្វើរឿងដ៏អាម៉ាស់ទៅខ្ចីលុយគេយកមកស៊ីចាយ ឡូយឆាយដើម្បីឲ្យគេមើលមកខ្លួនថាជាអ្នកមាន ។ ខ្លួនអត់តែធ្វើចរិកសេដ្ឋី មនុស្សបែបនេះបើគេដឹងគេនឹងមិនឲ្យតម្លៃទេ ។

ជាក់ស្តែងវាជារឿងពិតដែលយើងម្នាក់ៗតែងតែខ្លាចពាក្យសម្តីមនុស្ស​ ដែលនៅជុំវិញខ្លួនយើង យើងគិតថា​ខ្លាចគេគិតមកថាយើងអន់ យើងមិនដល់គេ យើងគ្មានអ្វីដែលអស្ចារ្យដូចគេ យើងខ្លាចគេមើលងាយយើង ។ ព្រោះតែហេតុផលមួយនេះហើយទើបធ្វើឲ្យជីវិតមនុស្សយើងភាគច្រើនខំប្រឹងសម្ងែងខ្លួន ធ្វើខ្លួនឲ្យដូចជាអ្នកគ្រាន់បើកុំឲ្យគេមើលមកថាអន់ ។

អ្វីដែលយើងត្រូវគិតនឹងគួរពិចារណា​ តើវាចាំបាច់ទេ ដែលយើងធ្វើអ្វីមួយដើម្បីតែបង្ហាញអ្នកដ៏ទៃថាយើងគ្រាន់បើជាងគេ? តើវាមានបានផលល្អអ្វីខ្លះមកយើងវិញទេ? ហើយហេតុអ្វីក៏យើងម្នាក់ៗចូលចិត្តរស់នៅដើម្បីផ្គាប់ចិត្តមនុស្សនៅជុំវិញខ្លួនយើងច្រើនម្ល៉េះ? និយាយរួមចូលចិត្តណាស់ប្រើជីវិតខ្លួនឯងរស់នៅក្រោមក្រសែភ្នែកគេ ។

ត្រូវចាំថាជីវិតយើង ខ្លួនយើងជាអ្នកកំណត់ខ្លួនឯងមិនមែនអ្នកណាគេអាចនឹងកំណត់បញ្ជាយើងបាននោះទេ ។ រស់នៅជាមនុស្សគួរតែធ្វើអ្វីដែលល្អមិនប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួន មិនយកខ្លួនឯងទៅប្រៀបធៀបនឹងរឿងដែលមិនគួរប្រៀបធៀប មានតែយើងខ្លួនឯងទេដែលដឹងថាយើងជាអ្នកណាឲ្យប្រាកដ ។ សរុបសេចក្តីមក ចូរកុំរស់នៅធ្វើជាមនុស្សដើម្បីធ្វើអ្វីៗផ្គាប់ចិត្តគេ តែចូរធ្វើអ្វីដែលអាចធ្វើឲ្យខ្លួនរីកចម្រើននឹងមានក្តីសុខដល់ខ្លួនឯងទើបជាការប្រសើរ ។

រូបតំណាង