ធ្លាប់ឆ្ងល់ទេថាហេតុអ្វីមនុស្សស្រីមិនដែលសារភាពស្នេហ៍ទៅបុរសមុន?

113

មានមនុស្សច្រើនណាស់គិតថា ពេលមានស្នេហាមានតែប្រុសៗទេដែលសំបូរអារម្មណ៍ចង់បានការប្រកៀកស្និត ចង់ភ្លក្ស ចង់សាក ពុះកញ្ច្រោល ទ្រោលទ្រៀល ជាងមនុស្សស្រី។ គេយល់បែបនេះ ដោយសារចំណាំឃើញប្រុសៗហ៊ានញ៉ែ ហ៊ានសារភាព មាត់ហ៊ានកាយវិកាដល់ បញ្ចេញមកក្រៅច្រើនជាងមនុស្សស្រី ផ្ទុយពីមនុស្សស្រីមិនដែលទៅញ៉ែបុរសមុនទេ ហើយក៏មិនងាយសារភាពប្រាប់បុរសមុនដែរ។ គេគិតថា មានតែបុរសទេដែលមានអារម្មណ៍ពុះកញ្រ្ជោលជាងមនុស្សស្រី។

ការយល់បែបនេះ ខុសធ្ងន់ណាស់! ធាតុពិតរវៀងមនុស្សស្រី និងមនុស្សប្រុស មានអារម្មណ៍ពុះកញ្ជ្រោល ទាមទារ ចង់ភ្លក្ស ចង់សាក ដូចគ្នា!! គ្រាន់តែមនុស្សស្រីចូលចិត្តទប់ លាក់កាយវិកាមិនបញ្ចេញមកក្រៅ តែប៉ុណ្ណោះ។ ហេតុអ្វីមនុស្សស្រីលាក់មិនសូវបញ្ចេញ? ព្រោះដោយសារហេតុផល ៣យ៉ាងខាងក្រោមនេះហើយ ។

១. មនុស្សស្រីខ្មាស់អៀនច្រើនណាស់ ជាភាពខ្មាសអៀនដ៏មហិមារ ខ្លាំងជាងភាពខ្មាសអៀនណាទាំងអស់! មនុស្សស្រីក៏ចេះស្រឡាញ់គេមុនដែរ ក៏ចង់ស្និតក្បែរគេដែរ ក៏ចេះត្រូវការដូចអ្វីដែលប្រុសៗត្រូវការដែរ តែបើឱ្យនាងហារមាត់សុំ ឬញ៉ែញ៉ងទៅខាងប្រុសមុន នោះនាងមិនអាចធ្វើបានទេ នាងខ្មាសណាស់ ខ្មាសរហូតមិនអាចធ្វើទៅរួច ទោះចិត្តនាងចង់សារភាព ចង់បាន ចង់សុំពីបុរសក៏ដោយ។ ភាពខ្មាសអៀនត្រូវតែឃាំងសកម្មភាពនាងទុក រងចាំឱ្យបុរសដែលជាភេទមិនសូវខ្មាស ជាអ្នកបញ្ចេញមុន ទើបនាងព្រមតាមក្រោយ។

២. មនុស្សស្រីខ្លួនឯងគិតថាមិនសម ស្រី-តំណាងឱ្យផ្កា ជាភេទទន់ខ្សោយ ជាភេទដែលត្រូវបានគេចាំវាយតំលៃ មានភ្នែកមនុស្សច្រើនណាស់សម្លឹងមកកាន់នាង! នាងងាយរងគ្រោះខូចតម្លៃ ឬអាសោចកេរ្តិ៍ ក្នុងករណីនាងហ៊ានជ្រុលដូចប្រុសៗ។ រឿងខិតរំកិលទៅរកប្រុសមុន ឬរឿងភេទ នាងដឹងខ្លួននាងច្បាស់ណាស់ នាងយល់ថាមិនសមទេខ្លួនជាស្រី ហើយក៏គិតថាខ្លួនឯងបាត់ភាពថ្លៃថ្នូរផងដែរ ដូច្នេះនាងត្រូវលាក់សកម្មភាព ទោះពេលខ្លះចិត្តនាងកំពុងត្រូវការ ឬចង់បានក៏ដោយ។

៣. កុំហ៊ានជាងប្រុសពេក ជាផ្នត់គំនិតដែលដុះស្អិតក្នុងអារម្មណ៍មនុស្សស្រីតរាប់តជំនាន់ណាស់មកហើយ ជាវប្បធម៌ ស្រីៗត្រូវចេះរំទុំ រក្សាចរិយា និងប្រកាន់ឥរិយាយបទឱ្យនៅក្រោមប្រុសមួយកម្រិត។ ផ្នត់គំនិតនេះហើយ ដែលរុញច្រានឱ្យមនុស្សស្រី មិនអាចបញ្ចេញ ទោះពេលខ្លះនាងក្លាហានចង់បញ្ចេញក៏ដោយ។ រឿងធំជាងគេ គឺសារភាពស្រឡាញ់មនុស្សប្រុសមុន មនុស្សស្រីគឺមិនងាយទេ។