អត្ថន័យល្អ មិនអានអាចស្តាយក្រោយ៖ តើមនុស្សដែលយើងស្វែងរក គឺជានរណា

338

មនុស្សដែលយើងត្រូវស្វែងរកគឺខ្លួនឯង។ មនុស្សដែលយើងត្រូវស្គាល់មុនគេគឺខ្លួនឯង។ មនុស្សដែលយើងត្រូវផ្ដល់ក្ដីស្រលាញ់ឲ្យមុនគេគឺខ្លួនឯង។ មនុស្សដែលយើងត្រូវស្មោះត្រង់ជាមួយខ្លាំងបំផុតគឺខ្លួនឯង។ មនុស្សដែលយើងគប្បីត្រូវផ្លាស់ប្ដូរមុនគេគឺយើងខ្លួនឯង។ មនុស្សដែលយើងត្រូវមានទំនួលខុសត្រូវខ្លាំងជាងគេគឺយើងខ្លួនឯង។

យើងអាចនឹងស្វែងរកឃើញថាអ្នកដទៃមានកំហុស ប៉ុន្តែយើងគ្មានសិទ្ធិនឹងកែប្រែកំហុសរបស់អ្នកដទៃទេ។ យើងគ្រាន់តែអាចស្នើសុំឲ្យគេទទួលស្គាល់ ប៉ុន្តែបើគេមិនទទួលស្គាល់កំហុសនោះទៀត យ៉ាងច្រើនយើងអាចប្រើច្បាប់ដើម្បីដាក់ទោសចំពោះគេតែប៉ុណ្ណោះ។

យើងអាចនឹងស្គាល់អ្នកដទៃតាមរបៀបសើរៗ ដែលគេសម្ដែងបង្ហាញចេញមក ប៉ុន្តែការស្គាល់ខ្លួនឯងវាជ្រៅណាស់។ យើងអាចស្គាល់ខ្លួនឯងបានលុះត្រាណាតែយើងបានស្វែងរកឃើញខ្លួនឯង។ វាក៏ដូចគ្នាដែលថាយើងស្វែងរកឃើញខ្លួនឯងបានលុះត្រាតែយើងបានស្គាល់ខ្លួនឯង។ មនុស្សដែលនៅជិតយើងបំផុតគឺយើងខ្លួនឯង ប៉ុន្តែយើងហ្នឹងហើយដែលពិបាកស្វែងរកឲ្យឃើញខ្លួនឯងថាជានរណា។ សំណួរដែលគេសួរច្រើនបំផុតនោះគឺ “តើធ្វើយ៉ាងណាដើម្បីឲ្យគេស្រលាញ់យើង?” ចម្លើយដ៏ងាយស្រួលបំផុតនោះគឺ “យើងត្រូវស្រលាញ់ខ្លួនឯង”។ តើយើងនឹងដឹងពីរបៀបផ្ដល់ក្ដីស្រលាញ់ទៅអ្នកដទៃដូចម្ដេច នៅពេលដែលយើងមិនចេះផ្ដល់ក្ដីស្រលាញ់ឲ្យខ្លួនឯងផងនោះ។

របៀបដែលអ្នកដទៃចង់ទទួលបានក្ដីស្រលាញ់ពីយើង វាមិនខុសគ្នាពីរបៀបដែលយើងត្រូវការក្ដីស្រលាញ់នោះទេ ហើយគ្មាននរណាម្នាក់មកធ្វើរឿងគ្រប់យ៉ាងដែលយើងត្រូវការចង់បាននោះឲ្យយើងទេ លុះត្រាតែយើងចាប់ផ្ដើមធ្វើជាមុនសិន។ ស្មោះត្រង់ជាមួយអ្នកដទៃពេលខ្លះវាក៏នឹងធ្វើឲ្យយើងខកចិត្ត ប្រសិនបើយើងមិនបានយល់ពីភាពស្មោះត្រង់ចំពោះខ្លួនឯងទេ។ ស្មោះត្រង់ទទួលស្គាល់ថាយើងមានអ្វីខ្លះដែលអវិជ្ជមានក្នុងខ្លួន ហើយអ្វីខ្លះដែលវិជ្ជមាន។ ភាពវិជ្ជមានត្រូវអភិវឌ្ឍបន្ថែម ចំណែកឯភាពអវិជ្ជមានត្រូវកែប្រែម្ដងបន្ដិច។ មុននឹងយើងកុហកអ្នកដទៃបាន យើងក៏បានកុហកខ្លួនឯងរួចទៅហើយ ប៉ុន្តែបើទោះបីជាអ្នកដទៃព្រមជឿការកុហករបស់យើងក្ដី ក៏យើងខ្លួនឯងបានដឹងពីការណ៍ពិតរួចទៅហើយ។

យើងមិនអាចរស់នៅចុះសម្រុងជាមួយអ្នកដទៃមុនពេលយើងចេះរស់នៅឲ្យចុះសម្រុងនឹងខ្លួនឯងជាមុនសិននោះទេ។ យើងមិនអាចសាងទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយខ្វះខាតទំនាក់ទំនងល្អជាមួយខ្លួនឯងនោះឡើយ។ យើងក៏មិនយល់ពីអ្នកដទៃបានល្អដែរ បើយើងមិនយល់ពីខ្លួនឯង។ នៅខណៈដែលយើងកំពុងត្រូវការជំនួយ តើយើងអាចជួយនរណាបាន? នៅខណៈដែលយើងកំពុងឈឺ តើយើងអាចមើលថែអ្នកជំងឺម្ដេចកើត? នៅខណៈដែលយើងឈរទប់ខ្លួនឯងសឹងតែមិនជាប់ផង តើយើងនឹងធ្វើជាបង្អែកសម្រាប់ឲ្យអ្នកដទៃគេផ្អែកបានដោយរបៀបណា? គ្រប់យ៉ាងផ្ដើមពីយើង!!!