សញ្ញា៥យ៉ាង ដែលបង្ហាញថាគូស្នេហ៍អ្នក គោរពឲ្យតម្លៃអ្នក

101

“ទម្រង់ស្នេហាដ៏ល្អបំផុតគឺជាការប្រព្រឹត្តចំពោះនរណាម្នាក់ មិនមែនអារម្មណ៍ដែលអ្នកមានចំពោះពួកគេនោះទេ” ។ ចំណងស្នេហាដែលរឹងមាំទៅបាន លុះត្រាតែគូស្នេហ៍ទាំងពីរក្រៀកចងឲ្យខ្លាំងមាំមិនរបេះ ប្រៀបបានទៅហ្នឹងការសាងសង់ផ្ទះអញ្ចឹង ។ អ្នកអាចសង់ផ្ទះមួយដែលស្អាតល្អ រឹងមាំ កម្ពស់ខ្ពស់ប៉ុណ្ណាក៏បានដែរ ប្រសិនបើផ្ទះនោះមានគ្រឹះដ៏រឹងមាំ។ ដើម្បីឲ្យទំនាក់ទំនងស្នេហាអ្នកទាំងពីរមានគ្រឹះរឹងមាំ អ្នកទាំងពីរត្រូវដាំសរសរស្ដមសំខាន់ពីររួមគ្នាគឺ ការស្រលាញ់មួយ និងការគោរពមួយ ។ ហើយក្នុងអត្ថបទនេះ យើងសូមបង្ហាញសញ្ញា៥ យ៉ាង ដែលបញ្ហាញថាដៃគូរបស់អ្នក ស្រលាញ់និងគោរពឲ្យតម្លៃអ្នក។

១. គាត់គោរពសិទ្ធិអ្នក ប្រសិនបើដៃគូរបស់អ្នកមិនព្យាយាមគ្រប់គ្រងជីវិតឯកជនរបស់អ្នកទេ មិនបារម្ភហួសហេតុដែលអ្នកត្រូវចេញក្រៅជាមួយអ្នកដទៃ មិនព្យាយាមលូកលាន់ប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នក នោះគឺជាសញ្ញាល្អមួយដែលបង្ហាញថា គាត់គោរពសិទ្ធិឯកជនរបស់អ្នក និងជឿជាក់លើអ្នក។ គាត់មានទំនុកចិត្តខ្ពស់នៅក្នុងទំនាក់ទំនងភាពជាដៃគូជីវិតជាមួយអ្នក មិនរំលងព្រំដែននៃសិទ្ធិឯកជនរបស់អ្នកដែលអ្នកកំណត់វ។ នោះបង្ហាញថាគាត់គោរពឯករាជ្យភាពរបស់អ្នក និងឋានៈអ្នកជាមនុស្សសំខាន់របស់គេ។

២. គាត់ដឹងថាអ្វីដែលមិនគួរធ្វើ ដៃគូដ៏ល្អ គឺតែងតែដឹងពីបញ្ហាសុខទុក្ខរបស់អ្នក ហើយអ្វីដែលកាន់តែល្អទៀតនោះ គឺគាត់ដឹងថាអ្នកចូលចិត្តអ្វី និងមិនចូលចិត្តអ្វីយ៉ាងច្បាស់ ហើយគាត់នឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីវៀសវាងការដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត ឬធ្វើខុសចំពោះអ្នក។ បុរសពិត មិនលូកលាន់លើរាងការដៃគូគេឡើយ ហើយរិតតែមិនបង្ខំដៃគូគេឲ្យរួមរស់ជាមួយគេដាច់ខាត ព្រោះថាការបង្ខិតបង្ខំ គឺជាការដាក់សម្ពាធលើដៃគូ ដែលមិនប្រពៃទាល់តែសោះ។

៣. គាត់ស្មោះត្រង់និងអ្នកភាពស្មោះត្រង់ គឺសំដៅទាំងភាពវិជ្ជមាន និងអវិជ្ជមានដែលកើតឡើងចំពោះអ្នក។ ប្រសិនបើមានរឿងល្អកើតឡើងចំពោះអ្នក គាត់នឹងសារទដោយមោទនៈភាព តែបើមានរឿងមិនល្អកើតឡើង​ចំពោះអ្នក គាត់នឹងប្រាប់អ្នកភ្លាម ហើយជួយអ្នកដោះស្រាយ និងកែតតម្រូវឲ្យទាន់សភាពការណ៍។

៤. គាត់តែងតែស្ដាប់អ្នក ពេលខ្លះនៅពេលដែលអ្នកនិយាយរឿងអំពីមនុស្សដែលដៃគូរបស់អ្នកមិនធ្លាប់ស្គាល់ គេនឹងមិនចាប់អារម្មណ៍ឡើយ ហើយនិយាយកាត់អ្នករាល់ពេលដែលគាត់មិនពេញចិត្ត។ តែបើគាត់គោរពឲ្យតម្លៃអ្នក គាត់នឹងផ្ទៀងត្រចៀកទាំងទ្វេស្ដាប់ដោយយកចិត្តទុកដាក់ ហើយបើគាត់ឆ្ងល់ គាត់នឹងសួរនាំ កាន់តែពិសេស គាត់នឹងសុំឲ្យអ្នកណែនាំគាត់ឲ្យបានស្គាល់ម្នាក់នោះដែរ។

៥. គាត់មានមោទនៈភាពចំពោះជោគជ័យរបស់អ្នក គាត់ចាត់ទុកគោលដៅរបស់អ្នក ក៏ដូចជាគោលដៅរបស់គាត់ដែរ។ ដូច្នេះ រាល់ពេលដែលអ្នកទទួលបានសមិទ្ធិផលអ្វីមួយ មិនថាជោគជ័យក្នុងការសិក្សា ជោគជ័យក្នុងការងារ ឬជោគជ័យក្នុងជីវភាពអ្វីនោះទេ គាត់នឹងមានមោទនៈភាពចំពោះអ្នក ហើយឆ្លៀងពាំនាំដំណឹងគួរឲ្យរីករាយនេះទៅអួតប្រាប់រាល់គ្នាដែលគាត់ស្គាល់។ នោះគឺជាសញ្ញាបង្ហាញថា គាត់គោរពឲ្យតម្លៃលើការអភិវឌ្ឍន៍របស់អ្នក។