ទឹកឃ្មុំអាចជួយអ្នក ដែលចង់សម្រក់ទម្ងន់បាន ងាយៗ

90

ដូចដែលយើងបានដឹងហើយថាអត្ថប្រយោជន៍របស់ទឹកឃ្មុំ ត្រូវបានគេយកទៅអនុវត្ដគួបផ្សំជាមួយកម្មវិធីធ្វើលំហាត់ប្រាណដើម្បីសម្រកទម្ងន់។ ប្រសិនបើអ្នកកំពុងព្យាយាមប្រឹងប្រែងដើម្បីសម្រកទម្ងន់ នោះទឹកឃ្មុំពិតជាអាចធ្វើជាជំនួយដ៏ពិសេស សម្រាប់គោលបំណងសម្រកទម្ងន់របស់អ្នក។

ទឹកឃ្មុំ អាចជួយសម្រកទម្ងន់ នៅពេលលោកអ្នកពិសាវាជាមួយនឹងទឹកក្ដៅឧណ្ហៗ លាយជាមួយនឹងទឹកក្រូចឆ្មារ(ទឹកក្រូចឆ្មារស្រស់ ដោយមិនដាក់ស្ករ ឬអំបិល) ។ មនុស្សភាគច្រើន ពិសារូបមន្ដលាយបញ្ចូលគ្នានេះ នៅពេលព្រឹកព្រលឹម ដើម្បីធ្វើជាមធ្យោបាយមួយនៃការភ្ញោចដល់ការសម្រកទម្ងន់ ។

ទឹកឃ្មុំ មានផ្ទុកនូវអាមីណូអាស៊ីដ២៦ ប្រភេទ(26 AMINO ACIDS) ព្រមទាំងវីតាមីន និងសារធាតុរ៉ែមានតម្លៃជាច្រើនមុខទៀត ដែលសារធាតុទាំងអស់នេះ មានប្រយោជន៍ដល់ ការដុតរំលាយអាហារក្នុងរាងកាយ។ ដោយមានគុណសម្បត្ដិគ្រប់គ្រង ការដុតរំលាយអាហារក្នុងរាងកាយ ទើបធ្វើឱ្យអាហារដែលយើងទទួលទានងាយរំលាយ ស្រូបចូលទៅក្នុងជាលិការាងកាយ និងចែកចាយថាមពលទៅគ្រប់ផ្នែកនៃរាងកាយបានប្រក្រតី ហើយអ្វីដែលពិសេស គឺជាតិខ្លាញ់ បានបំប្លែងទៅជាថាមពលដ៏មានប្រយោជន៍ ដូច្នេះវាល្អប្រសើរសម្រាប់សុខភាពរាងកាយទាំងស្រង់តែម្ដង ។

ទឹកក្រូចឆ្មារ នៅក្នុងរូបមន្ដលាយបញ្ចូលគ្នានេះ សម្បូរទៅដោយ វីតាមីនC(ដែលគេស្គាល់ផងដែរថាជា Ascorbic Acid) ដែលជួយសម្អាត និងបង្កើនមុខងារថ្លើម និងជួយពន្លឿនការរំលាយជាតិខ្លាញ់ក្នុងរាងកាយ។ លើសពីនេះទៀតក្រូចឆ្មារ ជួយបង្កើនមុខងារសារធាតុប្រឆាំងអុកស៊ីនដកម្ម glutathione ដែលជាសារធាតុប្រឆាំងអុកស៊ីដកម្មដ៏សំខាន់ សម្រាប់ប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី នៅក្នុងរាងកាយរបស់យើង និងបង្កើនប្រព័ន្ធស៊ាំរបស់រាងកាយ ។

ដោយការលាយបញ្ចូលគ្នា នូវប្រសិទ្ធភាពសម្រកទម្ងន់នៃទឹកក្រូចឆ្មារ ជាមួយនឹងប្រសិទ្ធភាពភ្ញោច  ការដុតរំលាយអាហារក្នុងរាងកាយនៃទឹកឃ្មុំ ប្រសិនបើយើងទទួលទានឱ្យបានម្ដងក្នុងមួយថ្ងៃនោះ ភេសជ្ជៈផ្អែមឆ្ងាញ់នេះ នឹងផ្ដល់លទ្ធផលដល់យើងជាទីគាប់ចិត្ដ ៕