ហេតុអីបោះបង់ខ្លួនឯង ខណះពេលដែលគេកំពុងបោះបង់អ្នកដែរ?

433

នេះជាកាលៈទេសៈដែលពិបាកនឹងឆ្លងកាត់បំផុត ទោះអ្នកជាមនុស្សដែលរឹងមាំយ៉ាងណាក៏ដោយ ពេលដែលជួបស្ថានភាពដែលត្រូវមនុស្សជាទីស្រលាញ់ និងជាមនុស្សដែលអ្នកទុកចិត្តបំផុតបោះបង់អ្នក គឺវាប្រៀបដូចជាព្រះអាទិត្យបោះបង់ផែនដីចោលឲ្យនៅតែលតោលវិលចុះឡើងដោយភាពងងឹតសូងសុង។

តែអ្នកគួរសួរខ្លួនឯងថា៖ បើគេបោះបង់ខ្ញុំទៅហើយ តើខ្ញុំត្រូវបោះបង់ខ្លួនឯងទៀតមែនទេ? សំនួរនេះវាមិនលេចចេញពេលអ្នកជួបបញ្ហានេះដំបូងៗទេ ប៉ុន្តែសំនួរនេះនឹងលេចឡើងនៅពេលអ្នកដេកយំឈឺចាប់ឆ្អែតឆ្អន់ហើយបានធូរស្បើយខ្លះ តាមរយៈមានអ្នកលើកទឹកចិត្ត ឫដោយសារអ្នកជាមនុស្សដែលមិនបណ្តោយខ្លួនឲ្យត្រាំត្រែងនឹងភាពសោកសៅយូរ។

អ្នកសាកគិតទៅមើល បើម្នាក់នោះបោះបង់អ្នកចោល ដោយគេគ្មានជាប់សាច់ឈាមអ្វីសោះនឹងយើង ហេតុអីយើងត្រូវបោះបង់ខ្លួនឯងចោលថែមទៀត ទាំងតែពីកើតមកដល់ធំដឹងក្តីសប់គ្រប់បែបនេះ ថែខ្លួន ស្រលាញ់ខ្លួនបែបនេះ ហេតុអីត្រូវបំផ្លាញខ្លួនដោយសារមនុស្សបែបនោះ។ មិនខ្វល់ថាហេតុផលយ៉ាងណាក៏ដោយ ត្រូវចាំថាអ្នកអាចគិតថាម្នាក់នោះល្អ អ្នកស្តាយព្រោះដោយសារអ្នកនៅស្រលាញ់គេ(លើលោកនេះគ្មានមនុស្សស្មោះណាងាយនឹងភ្លេចមនុស្សក្បត់បានងាយៗនោះទេ) តែលើលោកនេះនៅមានមនុស្សជាច្រើនផ្សេងទៀត ដែលល្អជាងម្នាក់នោះច្រើនណាស់ គ្រាន់តែអ្នកមិនទាន់បានជួប ឫក៏អ្នកមិនទាន់បើកចិត្តចំណាយពេលដើម្បីជួបម្នាក់នោះ។

មនុស្សម្នាក់ៗព្រះមានផែនការរៀបចំគូព្រេងឲ្យរៀងៗខ្លួនហើយ ដូច្នេះអ្នកគ្រាន់តែថែខ្លួនឲ្យបានល្អ ប្រឹងប្រែងអភិវឌ្ឍខ្លួន ជាជាងធ្វើបាបតែខ្លួនឯង បិទខ្លួនឯងពីមនុស្សឲ្យលែងស្គាល់ពិភពលោកអី។