ប្រយ័ត្នខ្លួនអ្នកដែលរំលងអាហារពេលព្រឹក ហើយផឹកតែកាហ្វេជំនួសហួសកម្រិត

98

សព្វថ្ងៃ កាហ្វេក្លាយជាទីពេញនិយមរបស់ប្រជាជនខ្មែរ និងមនុស្សជុំវិញសកលលោក។ នេះមិនមែនជារឿងដែលចម្លែកនោះទេ ព្រោះដោយសារកំណើនការងារធ្វើឲ្យមនុស្សយើងកាន់តែមមារញឹកនឹងការងាររៀងៗខ្លួន។ អ្នកខ្លះសឹងតែមិនបានពិសារអាហារពេលព្រឹកផង ព្រោះត្រូវទៅធ្វើការឲ្យទាន់ពេលវេលា ទើបអ្នកខ្លះសម្រេចថាគ្រាន់តែញ្ញ៉ាំកាហ្វេគឺអាចជំនួសអាហារពេលព្រឹករបស់ពួកគេបាន។

កាហ្វេមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា បើអ្នកញ្ញ៉ាំវាសមល្មមនឹងកម្រិតដែលរាងកាយទទួលយកបាន នោះវានឹងតបស្នងផលផ្លែដល់រាងកាយអ្នកបានយ៉ាងល្អ។ ប៉ុន្តែ បើពួកគេញ្ញ៉ាំលើសកម្រិតដែលរាងកាយទទួលយកមិនបាន ពួកគេនឹងទទួលបានលទ្ធផលដ៏អាក្រក់បើបន្តទម្លាប់បែបនេះច្រើនខែច្រើនឆ្នាំ។

ខាងក្រោមនេះជាហានិភ័យធំៗដែលអ្នកគួរដឹង ហើយបើស្រលាញ់សុខភាពគួរកាត់បន្ថយខ្លះក៏ល្អដែរ។

១.អាចកើតមានជម្ងឺក្រពះ៖  ដោយសារតែកាហ្វេនឹងធ្វើឱ្យក្រពះមានទឹករំលាយអាហារ​ចេញមកច្រើនរហូតធ្វើឱ្យក្លាយជាដំបៅច្រើនឡើង ដូច្នេះអ្នកកើតជំងឺក្រពះមានដំបៅមិនគួរទទួលទានកាហ្វេច្រើនឡើយ ជាពិសេសក្នុងពេលដែលពោះទទេ។

២.អាចធ្វើឱ្យសម្ពាធឈាមខ្ពស់ឡើង : លទ្ធផលនៃការវិភាគបានបង្ហាញថា ពេលទទួលទានកាហ្វេមួយកែវហើយ សម្ពាធឈាមនឹងកើនខ្ពស់ឡើងយូរដល់ទៅ១២ម៉ោង ដូច្នេះក្រុមមនុស្សដែលកើតជំងឺលើសឈាមមិនគួរទទួលទានកាហ្វេខណៈពេលមានអារម្មណ៍តានតឹង ឬមានសម្ពាធពីការធ្វើការងារឡើយ។

៣.អាចបំផ្លាញវីតាមីន B1 : វីតាមីន B1 ជាវីតាមីនដែលរក្សាតុល្យភាព និងភាពស្ថិតស្ថេររបស់ប្រព័ន្ធប្រសាទ ដូច្នេះ អ្នកដែលខ្វះវីតាមីន B1 មិនគួរទទួលទានកាហ្វេឡើយ។ នៅពេលបានដឹងទាំងអស់គ្នាដូច្នេះហើយ សូមទទួលទានកាហ្វេឱ្យល្មមសមរម្យណាប្រិយមិត្តអ្នកអាន ព្រោះអ្វីក៏ដោយ ឱ្យតែលើសបរិមាណដែលសមរម្យល្មមហើយនោះ គឺសុទ្ធតែហុចគុណវិបត្តិឱ្យទាំងអស់៕