ធនាគារ ព្រីនស៍ ម.ក សហការជាមួយនឹងសមាគមគ្រប់គ្រងហិរញ្ញវត្ថុនិងទីផ្សារអឺរ៉ុប (Efma) រៀបចំ វេទិកាវិស័យធនាគារក្នុងសម័យឌីជីថលលើកដំបូងគេនៅកម្ពុជា

144

រាជធានីភ្នំពេញ៖ ធនាគារ ព្រីនស៍ ម.ក សហការជាមួយសមាគមគ្រប់គ្រងហិរញ្ញវត្ថុនិង​ទីផ្សារ​អឺរ៉ុប ហៅកាត់ថា Efma ដែលជាស្ថាប័នអឺរ៉ុប ដែលទទួលបានការទទួលស្គាល់លំដាប់ថ្នាក់ពិភពលោក ដែលដើរតួនាទីក្នុងការសម្របសម្រួលទំនាក់ទំនងតភ្ជាប់ថ្នាក់ដឹកនាំដ៏មានឥទ្ធិពលនានានៅក្នុងវិស័យធនាគារ ធានារ៉ាប់រង និងហិរញ្ញវត្ថុ។

វេទិកានេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ក្រោមប្រធានបទ “ សេវាធនាគារសម្រាប់អតិថិជនសម័យថ្មី​: បទពិសោធន៍​បច្ចេកវិទ្យា​ទំនើប​​” ដែលមានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រងនៃ​វិស័យ​ហិរញ្ញវត្ថុ​ក្នុងតំបន់អាស៊ី ក៏ដូចជាវាគ្មិនអន្តរជាតិផងដែរ។

វេទិកាបានពិភាក្សាអំពីកាលានុវត្តភាពក៏ដូចជាបញ្ហាប្រឈមនានាដែលគ្រឹះស្ថានធនាគារក្នុងស្រុកនិងអន្តរជាតិជួបប្រទះនៅក្នុងការរៀបចំដំណើរការឌីជីថល ស្របទៅតាមភាពរីកចម្រើនផ្នែកបច្ចេកវិទ្យានៅទូទាំងពិភពលោកនិងបម្រែបម្រួលនៃតម្រូវការរបស់អតិថិជន។

កម្មវិធីនេះបានទទួលកិត្តិយសដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់​​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​។ វាគ្មិននៅក្នុង​កម្មវិធី​គឺរួមមានអ្នកជំនាញនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ដែលមានដូចជាលោក Michael Lor ទីប្រឹក្សាជាន់ខ្ពស់អាស៊ីប៉ាស៊ីហ្វិករបស់ Efma លោក​បណ្ឌិត Christian Roland នាយកផ្នែក Agile Enablement នៃធនាគារ Siam Commercial​ Bank លោក Kazuya Sakakibara នាយកប្រតិបត្តិផ្នែកយុទ្ធសាស្រ្តបចេ្ចកវិទ្យាព័ត៌មានវិទ្យានិងការអភិវឌ្ឍផលិតផល នៃធនាគារ Jibun  លោកស្រី Pui Fang Chow នៃធនាគារ DBS Bank Singapore និងលោកស្រី Supaneewan Chutrakul ដែល​ជាអនុប្រធានជាន់ខ្ពស់នៃធនាគារ Kasikorn Bank ។

ប្រធាន​បទ​សំខាន់​ៗ​ដែលបាន​ពិភាក្សារួមមាន ៖

  • និន្នាការ​នៃ​ការ​វិវឌ្ឍក្នុងវិស័យឌីជីថល
  • ដំណើរ​ការ​រៀបចំ​សេវា​ធនាគារ​ឌីជីថល​
  • ការប្រើប្រាស់​បច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិ្មត (A.I)
  • បទពិសោធន៍អតិថិជននិងបណ្តាញសេវា​កម្ម​របស់​ធនាគារ​ក្នុង​សម័យ​ឌីជីថល​
  • ប្រព័ន្ធធនាគារបើកចំហ
  • ការរៀបចំបុគ្គលិកឲ្យស្របទៅតាមយុគសម័យឌីជីថល
  • សេវាកម្មធនាគារឌីជីថលសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម

ធនាគារព្រីនស៍ ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៥ ក្នុង​ទម្រង់​ជាគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រោម ឈ្មោះថា​ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី​ ហើយត្រូវបានផ្លាស់ប្តូរខ្លួនទៅជាធនាគារពាណិជ្ជ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។​ ធនាគារ​ ផ្តល់​ជូន​អតិថិជន​នូវ​សេវា​ប្រាក់បញ្ញើសន្សំ​ ប្រាក់បញ្ញើតាម​កាលកំណត់​ ឥណទាន​គេហដ្ឋាន​ ឥណទាន​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ និង​ឥណទាន​សម្រាប់​អាជីវកម្ម​។ បច្ចុប្បន្ន​ ធនាគារ​ព្រីន​ស៍​ ​មាន​សាខា​ចំនួន​១៥​ ម៉ាស៊ីន​ដក​ប្រាក់​ដោយ​​ស្វ័យប្រវត្តិ​ សេវា​ធនា​គារតាម​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​ និង​សេវា​ធនាគារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមកកាន់គេហទំព័រ www.princebank.com.kh