និយាយមិនស្ដាប់ ម៉ាក់ប៉ាគួរចាត់ការបែបម៉េចចំពោះកូនក្បាលខូច

292

ក្មេង​ក្បាល​រឹង ជា​បញ្ហា​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​ជាច្រើន​ឈឺក្បាល ប៉ុន្តែ​បើ​កូន​ប្រែជា​ព្រហើន​មិន​ខ្លាច ឬ​ចង់​ធ្វើ​អ្វី​តាម​ចិត្ត នោះ​ម៉ាក់ប៉ា​គួរតែ​មាន​វិធានការ​បន្ទាន់​មួយ ដើម្បី​ហាត់​ពត់​លត់ដំ​ចរិត​កូន​ឲ្យ​ជា​ក្មេង​ល្អ​វិញ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​បង្ក្រាប​ក្មេង​មាន​ចរិត​ព្រហើន និយាយ​មិន​ស្ដាប់​របស់​អ្នកគ្រូ លឹម មួយហ្គិច ជាជំនួយ​ការ​គ្រូ​បរទេស នៅ​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ។

១- ផ្លាស់ប្ដូរ​ឥរិយាបថខ្លួនឯង ពេល​កូន​ធ្វើ​អ្វី​ខុស ហើយ​យើង​ប្រាប់​ឲ្យ​សុំទោស គេ​បែរជា​បញ្ចេញ​ចរិត​ព្រហើន មិន​ធ្វើតាម មិនខ្លបខ្លាច​នរណា​ម្នាក់ ឬ​មិន​ខ្វល់​ពី​សម្ដី​របស់​យើង គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ​ខ្លួន​ជាមុន​សិន ព្រោះ​បើ​នៅ​តែ​បណ្ដែតបណ្ដោយ​កូន​នឹង​ក្លាយ​ជា​មនុស្ស​ខូច។ យើង​គួរតែ​ធ្វើខ្លួន​ឲ្យ​ម៉ឺងម៉ាត់​ជាង​មុន ហើយ​នៅ​ពេល​កូន​ធ្វើ​ខុស​មិន​ព្រម​ទទួល គួរតែ​មាន​ទណ្ឌកម្ម​ខ្លះ ដូចជា​មិន​ឲ្យ​មើល​ទូរស័ព្ទ ឬ​ទូរទស្សន៍ មិន​ឲ្យ​ញ៉ាំ​ចំណី​ដែល​គេ​ចូលចិត្ត និង​អ្វី​ផ្សេង​ទៀត ដើម្បី​ឲ្យ​កូន​បន្ទន់​ឥរិយាបថ​មក​លន់តួ​យើង​វិញ។

២- បង្កើត​វិន័យ​ក្នុង​ផ្ទះ ពាក្យ​ចាស់​ពោល​ថា «ប្រទេស​មាន​ច្បាប់ គ្រួសារ​មាន​វិន័យ» ដូចនេះ​ហើយ យើង​គួរតែ​ដឹង​ថា កូន​យើង​មានៈ​នូវ​ចំណុច​ណា​ខ្លះ ហើយ​បង្កើត​ជា​វិន័យ ដើម្បី​ឲ្យ​ពួកគេ​ខ្លាច។ វិធី​អាច​ហាត់​ពត់​ចិត្ត​គំនិត​កូន​បាន ហើយ​កូន​ក៏​មិន​ហ៊ាន​ធ្វើអ្វី​ដែល​អាច​នាំឲ្យ​ពួកគេ មាន​បញ្ហា​ជាមួយ​យើង​ដែរ មួយ​វិញ​ទៀត​យើង​អាច​ចិញ្ចឹម​អប់រំ​ពួកគេ​ឲ្យ​ខ្លាច​ជា​ក្មេង​ល្អ​បាន។

៣- ឈប់​តាម​ចិត្ត​កូន ម៉ាក់​ប៉ា​ណា​ក៏​ស្រលាញ់​កូន​ដែរ តែ​ការ​ស្រលាញ់ និង​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​កូន​ពេក ដូច​រុញ​កូន​ឲ្យ​ក្លាយ​ជា​ក្មេង​ទំនើង​អ៊ីចឹង​ដែរ។ នៅ​ពេល​កូន​ៗ​យំ​រំអុក​ចង់​បាន ឬ​ទិញ​អ្វី​មួយ​ដោយ​បោកប្រាស់​វត្ថុ​ប្រើប្រាស់​ក្នុង​ផ្ទះ នោះ​យើង​នឹង​ដឹង​ថា ទង្វើ​ទាំង​នេះ គឺ​បណ្ដាល​មកពី​ការ​តាម​ចិត្ត​កូន​គ្រប់​យ៉ាង រហូត​គេ​គិត​ថា គេ​ចង់​បាន​អ្វី​ហើយ​នោះ គឺ​ត្រូវ​តែ​យក​ឲ្យ​បាន។ ដូចនេះ​បើ​ពេល​កូន​បញ្ចេញ​ឫកពា​មិន​សមរម្យ គួរតែ​ចាប់ផ្ដើម​កាត់​បន្ថយ ហើយ​ពន្យល់​ប្រាប់​គេ​ថា លើកក្រោយ​ពេល​មាន​ចរិត​កោងអោង​បែប​នេះ​ទៀត គឺ​លែង​ទិញ​អ្វី ឬ​ជូន​ទៅ​ដើរ​លេង​ទីណា​ទាំងអស់។