ក្តៅៗ Apple បង្ហាញ​ខ្លួន IPhone 11 ដែល​ជា​ម៉ូដែល​ថ្មី​ចុង​ក្រោយ​បំផុត

21

ចេញថ្មីៗក្តៅៗតែម្តងសម្រាប់ឆ្នាំ២០១៩ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានបញ្ចេញ iPhone ស៊េរីថ្មីរបស់ខ្លួន ហៅថា iPhone 11។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន CNET នៅព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

iPhone 11 មាន៣ម៉ូដែលសម្រាប់ជ្រើសរើស រួមមាន iPhone 11 ធម្មតា, iPhone 11 Pro, និង iPhone 11 Pro MAX។ iPhone 11 ទាំង៣ម៉ូដែលនេះ នឹងអាចត្រូវចាប់ផ្តើមកុម្ម៉ង់ទិញបាននៅថ្ងៃសុក្រសប្តាហ៍នេះ ហើយដាក់ លក់នៅតាមហាងរបស់ Apple នៅមួយសប្តាហ៍ក្រោយ គឺថ្ងៃទី២០ ខែកញ្ញា។

ពាក់ព័ន្ធនឹងតម្លៃ នៅសហរដ្ឋអាមេរិក iPhone 11 ធម្មតា ថ្លៃ៦៩៩ដុល្លារ សម្រាប់ទំហំផ្ទុកទិន្នន័យ៦៤ជីហ្គាបៃ ថ្លៃ៧៤៩ដុល្លារ សម្រាប់១២៨ជីហ្គាបៃ និងថ្លៃ៨៤៩ដុល្លារ សម្រាប់២៥៦ជីហ្គាបៃ។ រីឯ iPhone 11 Pro ថ្លៃ៩៩៩ដុល្លារ សម្រាប់៦៤ជីហ្គាបៃ ថ្លៃ១,១៤៩ដុល្លារសម្រាប់២៥៦ជីហ្គាបៃ និងថ្លៃ១,៣៤៩ដុល្លារសម្រាប់ ៥១២ ជីហ្គាបៃ។ ចុងក្រោយ គឺ iPhone 11 Pro Max ថ្លៃ១,០៩៩ដុល្លារសម្រាប់៦៤ជីហ្គាបៃ ថ្លៃ១,២៤៩ដុល្លារសម្រាប់ ២៥៦ជីហ្គាបៃ និងថ្លៃ១,៤៤៩ដុល្លារសម្រាប់៥១២ជីហ្គាបៃ។ គួររំលឹកផងដែរថា ក្រៅពី iPhone 11 ក្រុមហ៊ុន Apple ក៏បានបញ្ចេញ iPad ស៊េរីឆ្នាំ២០១៩ និងនាឡិកា Apple Watch Series 5 ផងដែរ៕