ហេតុផលប៉ុន្មានយ៉ាងនេះ​ដែល​អ្នក​មិន​គួរ​​ផុស​ដ្រាម៉ា បញ្ហា​ផ្ទាល់​​ខ្លួន​​លើ Facebook ច្រើន

67

រឿងរ៉ាវ​ផ្ទាល់​ខ្លួន​នានា​ត្រូវ​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​អ្នក​លេង​បណ្ដាញ​សង្គម​ Facebook គ្រាន់​តែ​អ្នក​ខ្លះ​ចូល​ចិត្ត​បង្ហោះ​​តែ​រឿង​ល្អ​ៗ រឿង​សប្បាយ​ចិត្ត ចំណែក​អ្នក​ខ្លះ​ចូល​ចិត្ត​បង្ហោះ​ពី​ទុក្ខ​វិបត្តិ​ផ្សេង​ៗ​របស់​ខ្លួន។ ទោះ​យ៉ាង​ណា​ការ​បង្ហោះ​​ត្អូញត្អែរ​ច្រើន​ពី​បញ្ហា​របស់​ខ្លួន​មិន​សូវ​ជា​រឿង​ល្អ​ឡើយ។ 

១. មិត្ត​ក្នុង Facebook ភាគ​ច្រើន​មិន​មែន​ជា​មិត្ត​ពិត​របស់​អ្នក​ទេ បើ​មាន​មិត្ត​ជិតស្និទ្ធ អ្នក​ប្រាកដ​ជា​ខល​ទៅ​និយាយ​ជាមួយ​គេ​ហើយ នៅ​ពេល​អ្នក​មាន​បញ្ហា មិនមែន​យក​បញ្ហា​យក​មក​បញ្ចេញ​តាម Facebook នោះ​ទេ។ មនុស្ស​ដែល​អាន Post របស់​អ្នក​ភាគ​ច្រើន​មាន​ពីរ​ប្រភេទ ទី​មួយ​អ្នក​ដែល​​សើច​ចម្អក​អ្នក ទី​ពីរ​គឺ​អ្នក​ដែល​មិន​ខ្វល់។

២. អ្នក​ដទៃ​មិន​បាច់​​ត្រូវ​ដឹង​រឿង​មិន​ល្អ​របស់​អ្នក​ទេ ការ​ត្អូញត្អែរ បង្ហោះ​ពី​បញ្ហា​ទុក្ខ​លំបាក​ច្រើន វា​មិន​បាន​ឲ្យ​អ្នក​មើល​ទៅ​ឡូយ ឬ​គួរ​ឲ្យ​សរសើរ​ក្នុង​ភ្នែក​អ្នក​ដទៃ​នោះ​ទេ។ ស្រដៀង​គ្នា​ដែរ បើ​អ្នក​អួត​ខ្លាំង​ពេក វា​ក៏​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជ្រិញ ដូច្នេះ​ហើយ​ធ្វើ​អ្វី​ល្មម​ៗ​បាន​ហើយ។

៣. រង​ការ​វាយ​តម្លៃ​មិន​ល្អ ការ​សរសេរ​ Status របស់​អ្នក អាច​បង្ហាញ​បាន​ថា​អ្នក​ជា​មនុស្ស​បែប​ណា។ បើ​អ្នក​សរសេរ​តែ​​រឿង​អាក្រក់​ៗ រឿង​អវិជ្ជមាន រអ៊ូរ​ត្អូញត្អែរ ឬ​ប្រើ​ភាសា​​អាក្រក់​ស្ដាប់ មនុស្ស​ដែល​ឆ្លាត​ គេ​នឹង​សម្លឹង​មើល​មក​ថា​អ្នក​ជា​មនុស្ស​មិន​ឆ្លាត។

៤. បង្ហាញ​ពី​ភាព​ខ្សោយ​ខ្លួន​ឯង មនុស្ស​ដែល​មាន​ការ​គិត​ជ្រៅជ្រះ គេ​នឹង​​យល់​ថា​ជីវិត​អ្នក​ពិបាក គឺ​ដោយ​សារ​អ្នក​ធ្វើ​ឲ្យ​ពិបាក។ បើ​សិន​អ្នក​ជា​មនុស្ស​ចេះ​គិត ចេះ​ចាត់ចែង​ជីវិត​ខ្លួន​បាន​ល្អ ជីវិត​អ្នក​នឹង​ដំណើរ​ទៅ​បាន​ល្អ។ ដូច្នេះ​ហើយ រាល់​បញ្ហា​ដែល​អ្នក​បង្ហោះ​ឲ្យ​​ប្រាប់​អ្នក​ដទៃ ក្នុង​ពេល​តែ​មួយ​នោះ​ក៏​បាន​បង្ហាញ​ពី​ភាព​ “មិន​បាន​ការ” របស់​អ្នក​ដែរ។

៥. មិន​បាន​ធ្វើ​ឲ្យ​អ្វី​ផ្លាស់​ប្ដូរ រវល់​តែ​អង្គុយ​សរសេរ​ត្អូញត្អែរ មិន​បាន​ជួយ​ឲ្យ​ជីវិត​ប្រសើរ​ឡើង​ឡើយ ដូច្នេះ​គួរ​យក​ពេល​វេលា​ទៅ​គិត​ធ្វើ​អ្វី​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន ឬ​មាន​ប្រយោជន៍វិញ​ល្អ​ជាង។ ដឹង​ហេតុផល​ទាំង​នេះ​ ដូច្នេះ​គួរ​ឈប់​បង្ហោះ​រឿង​អ្វី​ដែល​មិន​ល្អ​ទៀត ឬ​ជំនួស​វិញ​ដោយ​ការ​ផុស​រឿង​សប្បាយ​ៗ រឿង​ល្អ ព្រោះ​ទោះ​បី​គ្មាន​អ្នក​ចាប់​អារម្មណ៍ យ៉ាង​ហោច​ណាស់​អ្នក​ក៏​បាន​បន្ថែម​ភាព​វិជ្ជមាន​លើ​បណ្ដាញ​សង្គម​នេះ​ដែរ ៕

៦. ធ្វើឲ្យអ្នកដែលគេចង់រាប់អាននឹងយើងគេនឹងដកចិត្ត វាមិនមែនជារឿងដែលល្អប៉ុន្មាននោះទេ ដែលអ្នកតែងតែបង្ហាញបញ្ហារបស់ខ្លួនឯងឲ្យគេដឹង វាអាចនឹងប៉ះពាល់ដល់អ្នកដែលគេប៉ងចង់រាប់អានយើងក៏ថាបាន ព្រោះក៏បញ្ចេញអារម្មណ៍ទៅកាន់នរណាម្នាក់វាជារឿងល្អ តែមិនមែនបង្ហាញបញ្ហាឲ្យទៅគេដឹងនោះទេ ព្រោះមនុស្សមិនចូលចិត្តអ្នកណាដែលមានបញ្ហាច្រើននៅក្នុងខ្លួននោះទេ ហើយគេក៏មិនចូលចិត្តមនុស្សដែលមានតែរឿងនឹងបញ្ហានោះដែរ។