តើរាល់ថ្ងៃលោកអ្នកកំពុងតែផ្តោតទៅលើរឿងអ្វីខ្លាំងជាងគេ? ការវិនិយោគថាមពលច្រើនលើពាណិជ្ជកម្មរបស់លោកអ្នកក្នុងពេលដែលព្រងើយកន្តើយចំពោះទំនាក់ទំនងស្នេហាជាការបំផ្លាញឱកាសពាណិជ្ជកម្មដើម្បីទទួលបានជោគជ័យ។ លោកអ្នកប្រហែលអះអាងថាជីវិតក្នុងដំណើរបង្កើតពាណិជ្ជកម្មថ្មីមិនងាយស្រួលទេ។ វិនិយោគិនរបស់លោកអ្នកមិនសប្បាយចិត្តចំពោះរឿងដែលមិនសូវសំខាន់ លោកអ្នកត្រូវតែគិតរឿងចំណាយរាល់ខែ ហើយពេលខ្លះលោកអ្នកត្រូវដោះស្រាយរឿងពន្យាពេលជាច្រើនទៀត។ បញ្ហាទាំងអស់នេះនាំលោកអ្នកទៅរកលទ្ធផលមួយគឺសម្ពាធអារម្មណ៍។ នេះហើយជាហេតុផលដែលលោកអ្នកគួរតែវិនិយោគថាមពលនិងពេលច្រើនក្នុងទំនាក់ទំនង។
បើមិនបានពិនិត្យឱ្យដិតដល់ទេ សម្ពាធអារម្មណ៍នៅកន្លែងធ្វើការអាចនឹងធ្វើឱ្យរង្គោះរង្គើគ្រឹះពាណិជ្ជកម្មទាំងមូលបាន។ សម្ពាធអារម្មណ៍ដែលកើនឡើងដល់កម្រិតខ្ពស់អាចកាត់បន្ថយការផ្តោតចិត្ត និងការចង់ចាំរហូតដល់២៥%។ សមត្ថភាពដោះស្រាយបញ្ហារបស់លោកអ្នកក៏ធ្លាក់ចុះ ហើយសមត្ថភាពគិតច្នៃប្រឌិតរបស់លោកអ្នកក៏ជួបបញ្ហាដែរ។
លោកអ្នកបារម្ភចំពោះទស្សនវិស័យជារួមនៃក្រុមហ៊ុនរបស់លោកអ្នក។ លោកអ្នកត្រូវប្រជែងជម្នះនឹងភាពមិនច្បាស់លាស់នៃផលិតផល សមត្ថភាព ការគ្រប់គ្រង និងជំនាញក្នុងភាពជាអ្នកដឹកនាំរបស់លោកអ្នក គឺផ្តោតទាំងស្រុងតែលើពាណិជ្ជកម្ម។
នៅពេលក្តីបារម្ភនិងរឿងខ្វាយខ្វល់ទាំងអស់នេះកើតឡើងស្ងាត់ៗ វានឹងលុបបំបាត់ទំនុកចិត្តរបស់លោកអ្នកបន្តិចម្តងៗ។ ដូច្នេះតើទំនាក់ទំនងអាចជួយលោគអ្នកប្រយុទ្ធនឹងសម្ពាធអារម្មណ៍ទាំងអសនេះ និងនាំលោកអ្នកទៅរកពាណិជ្ជកម្មជោគជ័យដោយរបៀបណា? ពិតណាស់ថាទំនាក់ទំនងរបស់លោកអ្នកមានតម្លៃលើសពីឧបករណ៍ដើម្បីទាក់ទាញជោគជ័យនិងទ្រព្យសម្បត្តិកាន់តែច្រើនចូលមកក្នុងជីវិតរបស់លោកអ្នក។ ប៉ុន្តែហេតុអ្វីបានមិនប្រើប្រាស់ទំនាក់ទំនងនោះជាគ្រឿងផ្សំបន្ថែមសម្រាប់រុញច្រានពាណិជ្ជកម្មរបស់លោកអ្នក?
សន្និដ្ឋានថាលោកអ្នកជ្រើសរើសដៃគូជីវិតម្នាក់ដោយសារតែលោកអ្នកគោរពនិងឱ្យតម្លៃចំពោះទស្សនៈរបស់គេ។ លោកអ្នកស្រឡាញ់ការវាយតម្លៃរបស់គេចំពោះពិភពលោកនេះ ហើយលោកអ្នកចង់ឮអ្វីៗដែលគេនិយាយអំពីប្រធានបទសំខាន់ៗ។ ដូច្នេះហើយ ហេតុអ្វីបានជាលោកអ្នកខ្លាចមិនឱ្យគេចូលមកពិភាក្សារឿងពាណិជ្ជកម្មរបស់លោកអ្នក?
ដៃគូដែលមានគំនិតច្រើនអាចផ្តល់យោបល់ផ្សេងៗក្នុងពិភពពាណិជ្ជកម្ម។ បើទោះជាគេគ្មានកម្រិតយល់ដឹងក្នុងកិច្ចការដែលលោកអ្នកធ្វើ ក៏គេនៅតែជាមនុស្សសំខាន់ដើម្បីជួយឆ្លុះបញ្ចាំងជ្រុងផ្សេងៗនៃគំនិតដែរ។ គេប្រហែលមានយោបល់ល្អចំពោះគំនិតខ្លះដែលលោកអ្នកមើលរំលង។ ទីបំផុតទៅ បើមិនបានអ្វីសោះ ការមានមនុស្សសំខាន់ម្នាក់គាំទ្រគំនិតរបស់លោកអ្នកក៏ជារឿងដែលអាចធ្វើឱ្យមានភាពខុសគ្នាដែរ។
តើលោកអ្នកអាចរៀបចំកំណត់អាទិភាពដូចម្តេចខ្លះចំពោះទំនាក់ទំនងរបស់លោកអ្នក? ការមានផែនការច្បាស់លាស់នឹងជួយធ្វើឱ្យពាណិជ្ជកម្មរបស់លោកអ្នករីកចម្រើន ទោះបីនៅពេលលោកអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងតែលិចលង់ក៏ដោយ។ ដៃគូរបស់លោកអ្នកនឹងចាំរំឭកប្រាប់ថាលោកអ្នកជាមនុស្សសំខាន់សម្រាប់ការងារដែលលោកអ្នកធ្វើ។ដូច្នេះហើយ តើមានមធ្យោបាយល្អអ្វីខ្លះដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែមានប្រយោជន៍ជាមួយនឹងដៃគូរបស់លោកអ្នក?

១/ ប្រាប់អំពីបញ្ហា លោកអ្នកប្រហែលមិនទាន់អាចដោះស្រាយបញ្ហាបានភ្លាមៗទេ ប៉ុន្តែការនិយាយរៀបរាប់អំពីបញ្ហាប្រាប់នរណាម្នាក់អាចនឹងនាំលោកអ្នកទៅរកគំនិតថ្មីដែលលោគអ្នកមិនធ្លាប់គិតឃើញ។ លោកអ្នកអាចនឹងទទួលបានប្រយោជន៍ច្រើនពីការកំណត់ពេលវេលាណាមួយដើម្បីនិយាយរឿងទាំងអស់ក្នុងចិត្ត។ នេះជាពេលដែលលោកអ្នកអាចប្រាប់មនុស្សដែលលោកអ្នកទុកចិត្តបំផុតថាលោកអ្នកកំពុងតែស្ថិតនៅកន្លែងណា។
២/ កុំនិយាយអ្វីទាំងអស់ ពេលខ្លះមធ្យោបាយល្អបំផុតដើម្បីបណ្តោយបញ្ហាឱ្យទៅតាមដំណើររបស់វាគឺមិនចាំបាច់គិតអ្វីទាំងអស់។ បើលោកអ្នកជាប្រភេទមនុស្សដែលនិយាយអំពីរឿងការងារគ្រប់ពេល លោកអ្នកគួរតែកំណត់ពេលខ្លះសម្រាប់និយាយតែជាមួយដៃគូដោយមិនរំឭកអ្វីសោះអំពីការងារ។ ផ្តោតចិត្តនិងអារម្មណ៍ទាំងអស់លើទំនាក់ទំនងបច្ចុប្បន្ន និងរៀបចំផែនការសម្រាប់ធ្វើរឿងសប្បាយៗតែពីរនាក់ ដើម្បីបណ្តោយឱ្យពេលវេលានោះបំភ្លេចរឿងរ៉ាវដែលមានទម្ងន់ក្នុងចិត្តរបស់លោកអ្នក។ មិនត្រឹមតែពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែសុខភាពផ្លូវអារម្មណ៍របស់លោកអ្នកក៏រីកចម្រើនដែរ បើលោកអ្នកយកចិត្តទុកដាក់បានត្រឹមត្រូវនិងផ្តល់ថាមពលដល់ទំនាក់ទំនងស្នេហា។