ហាត់ប្រាណ​តាម​ចង្វាក់ភ្លេង ជួយ​សុខភាព

92

អ្នកណាៗក៏ចង់បានរាងស្អាតដែរមែនទេ? ការហាត់ប្រាណបែបថ្មីហាត់ប្រាណតាមចង្វាក់ភ្លេងជាការហាត់ប្រាណ សម្រក​ទម្ងន់​បាន​ច្រើន​គីឡូ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ក្លិប​ហាត់ប្រាណ Go Fit កំពុង​ទាក់ទាញ​អ្នក​មាន​សាច់​ទ្រលុកទ្រលន់​មក​រាំ លោត​លេង​តាម​ចង្វាក់ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍​ល្អ​សម្រាប់​សុខភាព ថែម​ទាំង​បាន​រាប់អាន​មិត្តភក្តិ​ថ្មី​ដែល​បាន​មក​ហាត់ប្រាណ​កម្សាន្ត​ជាមួយ​គ្នា​ផង​ដែរ​។

អ្នកនាង ហេង ទៀង អ្នក​គ្រប់គ្រង​ទូទៅ​បាននិយាយថា​៖ «Go Fit គឺជា​ក្លិប​ហាត់ប្រាណ​ដោយ​ផ្តោត​លើ​ការសម្រក​គីឡូ​គឺ​យើង​ហាត់​ដោយ​លោត​តាម​ចង្វាក់​ភ្លេង ហើយ​ការហាត់​បែប​ហ្នឹង​គឺ​សប្បាយ​សម្រក​គីឡូ​លឿន ដុត​ជាតិ​ខ្លាញ់​បាន​ល្អ​។ ​ការលេង​កីឡា​បែប​នេះ​គឺ​ថ្មី ប្លែក និង​អាច​ជួយ​សិស្ស​ឲ្យ​គាត់​កាត់បន្ថយ ការតានតឹង​របស់​គាត់​បាន​ផង​ដែរ​»​។

អ្នកគ្រប់គ្រង​ទូទៅ​វ័យ​ ២៦ ​ឆ្នាំ​រូបនេះ​បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​នៃ​ការបង្កើត​កន្លែង​ហាត់ប្រាណ​នេះ​ថា ដោយសារ​តែ​អ្នកនាង​បាន​សង្កេត​ឃើញ​ថា ប្រជាជន​កម្ពុជា​កំពុង​តែ​ប្រឈមមុខ​នឹង​បញ្ហា​លើស​គីឡូ​ខ្លាំង ហើយ​ពួកគាត់​ចង់​សម្រក​ទម្ងន់ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​។ រីឯ​មនុស្ស​មួយ​ចំនួន​បាន​ធ្វើការ​ហាត់ប្រាណ តែ​ការសម្រក​ទម្ងន់​បាន​តិច​គីឡូ ដូចនេះ​អ្នកនាង​បាន​សម្រេច​ចិត្ត​បង្កើត Go Fit កាលពី​ឆ្នាំ​ ២០១៧​។