គន្លឹះ​ដើម្បី​រក្សា​គំនិត​ចង់​ចេះ​ចង់​ដឹង​ជានិច្ច

60

គំនិត​ចង់​ចេះ​ចង់​ដឹង​ជា​កត្តា​កំណត់​ជោគជ័យ​ ទាំង​នៅក្នុង​នៅ​ក្រៅ​កន្លែង​ធ្វើការ​។ តាម​ពិ​ទៅ​ គំនិត​ចង់​ចេះ​ចង់​ដឹង​ជួយ​រៀបចំ​ខួរក្បាល​របស់​យើង​សម្រាប់​ការ​រៀន​រឿង​រ៉ាវ​ថ្មី​ៗ ជា​ការ​បើក​ចិត្ត​របស់​យើង​ចំពោះ​ឱកាស​នៃ​ការ​អភិវឌ្ឍ​ខ្លួន​ និង​ថែមទាំង​ជួយ​យើង​រក​ឃើញ​អត្ថន័យ​ក្នុង​ជីវិត​ទៀតផង​។

បើ​ទោះជា​គំនិត​ចង់​ចេះ​ចង់​ដឹង​ដើរតួ​សំខាន់​យ៉ាងនេះ​នៅក្នុង​ជីវិត​របស់​មនុស្សយើង​ក៏ដោយ​ ក៏​ពាណិជ្ជកម្ម​ភាគច្រើន​ពិបាក​ស្វែងរក​មធ្យោបាយ​ដើម្បី​ទទួលយក​គំនិត​នេះ​មក​អនុវត្ត​ជាក់ស្តែង​ណាស់​។ ការសិក្សា​មួយ​បាន​រក​ឃើញថា​មាន​បុគ្គលិក​ប្រហែល៦០ភាគរយ​ជឿ​ថា​នៅ​មាន​របាំង​ក្នុង​ការបង្កើត​គំនិត​ចង់​ចេះ​ចង់​ដឹង​ក្នុង​កិច្ចការ​របស់​ពួកគេ​។ គេ​ត្រូវការ​មេដឹកនាំ​វៃឆ្លាត​ដើម្បី​នាំ​យក​ផ្នត់គំនិត​ចង់​ចេះ​ចង់​ដឹង​ទៅ​ឱ្យ​ក្រុមការងារ​។ ខាងក្រោម​នេះ​ជា​គន្លឹះ​មួយចំនួន​ដើម្បី​ជួយ​លោកអ្នក​បង្កើត​និង​រក្សា​គំនិត​ចង់​ចេះ​ចង់​ដឹង​ក្នុង​ការិយាល័យ​និង​វប្បធម៌​ក្រុមហ៊ុន​ ៖

១. លើកទឹកចិត្ត​បុគ្គលិក​គ្រប់​កម្រិត​តាមរយៈ​ភាព​ម្ចាស់ការ​ ក្រុម​ហ៊ុន​ធំៗ​នៅក្នុង​ឧស្សាហកម្ម​ដែល​រីកចម្រើន​ បើ​ទោះជា​ដឹង​អំពី​គុណ​តម្លៃ​នៃ​គំនិត​ចង់​ចេះ​ចង់​ដឹង​ក៏​នៅតែ​ពិបាក​រក្សា​គំនិត​នេះ​ក្នុង​បុគ្គលិក​ទាំងអស់​ដែរ​។ មធ្យោបាយ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ​តាមរយៈ​ការបង្កើត​រចនាសម្ព័ន្ធ​កន្លែង​ធ្វើការ​ដែល​ខុសពី​គេ​ដោយ​ផ្តោត​លើ​ការ​កម្លាំងចិត្ត​និង​សេរីភាព​ដល់​បុគ្គលិក​នៅ​គ្រប់​កម្រិត​ទាំងអស់​។ និយាយ​ជា​រួម​គឺ​លោកអ្នក​ត្រូវ​ឱ្យ​បុគ្គលិក​ទាំងអស់​រៀន​គិត​ដូចជាCEO​។ ការ​លើកទឹកចិត្ត​របៀប​នេះ​ជួយ​ផ្តល់​ភាព​ម្ចាស់ការ​ពេញលេញ​ចំពោះ​គម្រោង​នី​មួយ​ៗ និង​ជំរុញ​ឱ្យ​បុគ្គលិក​ប្រើប្រាស់​គំនិត​និង​មធ្យោបាយ​របស់​ខ្លួន​គេ​ដើម្បី​ជម្នះ​បញ្ហា​។ តាមរយៈ​ការ​ផ្តល់​រង្វាន់​ដល់​មនុស្ស​ដែល​ហ៊ាន​និយាយ​និង​ទទួលស្គាល់​មេដឹកនាំ​នៅ​គ្រប់​កម្រិត​ ការ​រីកចម្រើន​ផ្ទាល់ខ្លួន​តាមរយៈ​គំនិត​ចង់​ចេះ​ចង់​ដឹង​នឹង​ក្លាយទៅជា​រឿង​ស្វ័យប្រវត្តិ​។ ទម្លាប់​បែបនេះ​ក៏​ជួយ​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗជាច្រើន​ទៀត​ដែរ​។  ​

២. លើកទឹកចិត្ត​ឱ្យ​មានទម្លាប់​កម្សាន្ត​ក្រៅពី​ការងារ​ នៅពេល​មនុស្សយើង​ឃើញ​តែ​គំនិត​និង​សកម្ម​ភាព​ដដែល​ៗរាល់ថ្ងៃ​ យើង​ពិបាក​រក្សា​បាន​ផ្នត់គំនិត​ច្នៃប្រឌិត​ណាស់​។ នេះ​ជា​ចំណុច​ដែល​ទម្លាប់​កម្សាន្ត​ក្រៅពី​សកម្មភាព​ការងារ​ចូល​មក​ដើរតួ​សំខាន់​ក្នុង​ជីវិត​បុគ្គលិក​។ ការសិក្សា​មួយ​បាន​រក​ឃើញថា​បុគ្គលិក​ដែល​មានទម្លាប់​កម្សាន្ត​បែប​ច្នៃប្រឌិត​ផ្ទាល់ខ្លួន​ គឺ​តាំងពី​លេងល្បែង​លើ​វីដេអូ​រហូតដល់​ការ​សរសេរ​រឿង​ខ្លី​ៗ ធ្វើការ​បាន​ប្រសើរ​ជាង​បុគ្គលិក​ដែល​ធ្វើ​តែ​ការងារ​ដោយ​គ្មាន​ទម្លាប់​កម្សាន្ត​អ្វី​ទាំងអស់​។ ទោះជាយ៉ាងណា​ ដោយសារ​ការងារ​ច្រើន​រាប់មិនអស់​ដែល​ត្រូវ​ធ្វើ​ក្នុង​ពេលកំណត់​ បន្ទាត់​ព្រំដែន​រវាង​ជីវិត​ការងារ​និង​ជីវិត​នៅផ្ទះ​ហាក់ដូចជា​បែងចែក​មិន​ដាច់​ទេ​។ ហេតុដូច្នេះ​ហើយ​ ក្រុមហ៊ុន​គួរតែ​មានគំនិត​ផ្តួចផ្តើម​និង​លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​មានទម្លាប់​កម្សាន្ត​ផ្ទាល់ខ្លួន​ក្រៅពី​ការងារ​ ទោះ​នៅក្នុង​ពេលសម្រាក​ទទួលទាន​អាហារ​ឬនៅ​ចុង​សប្តាហ៍​ក៏ដោយ​។

៣. បង្កើត​ទំនាក់ទំនង​ឆ្លង​ក្រុមការងារ​ គន្លឹះ​សំខាន់​មួយ​ដើម្បី​បណ្តុះ​បរិយាកាស​ចង់​ចេះ​ចង់​ដឹង​គឺ​ត្រូវ​ផ្តល់​ឱកាស​ឱ្យ​បុគ្គលិក​បានឃើញ​និង​ដឹងឮ​គំនិត​ប្លែក​និង​ខុស​ៗគ្នា​ឱ្យ​បាន​ច្រើន​តាមរយៈ​ទំនាក់ទំនង​ឆ្លង​ក្រុមការងារ​។ មធ្យោបាយ​ដើម្បី​បង្កើត​ទំនាក់ទំនង​បាន​ពេញ​ក្រុមហ៊ុន​គឺ​ការប្រើ​ប្រាស់​ការិយាល័យ​បើកចំហ​ ដែល​អនុញ្ញាត​ឱ្យ​បុគ្គលិក​បាន​មើលឃើញ​មនុស្ស​គ្រប់គ្នា​នៅ​កន្លែង​ផ្សេង​ៗនិង​អាច​និយាយ​គ្នា​បាន​ដោយសេរី​។ បើ​ការ​បើក​ការិយាល័យ​ចំហ​ជា​រឿង​ដែល​មិន​អាច​ធ្វើ​បាន​ ពាណិជ្ជកម្ម​របស់​លោកអ្នក​ក៏អាច​ប្រើប្រាស់​មធ្យោបាយ​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម​ឬបច្ចេកវិទ្យា​ជាច្រើន​ទៀត​ដែល​កំពុងតែ​ពេញនិយម​។ ក្រុមហ៊ុន​ទាំងអស់​ត្រូវការ​សាកល្បង​ពិសោធ​គំ​និ​តប្លែក​ៗជាប្រចាំ​ដើម្បី​រក​ឱ្យ​ឃើញ​និង​កំណត់​ឱ្យ​ដឹង​ថា​វិធី​សាស្រ្ត​ណាមួយ​ដែល​មានប្រសិទ្ធភាព​សម្រាប់​ក្រុមការងារ​របស់​គេ​។