ហេតុផល ៦យ៉ាង អាចធ្វើឲ្យ​យើង​មាន​ជំងឺដុះសាច់ច្រមុះ!

45

តើ​គ្នា​យើង​ធ្លាប់​ឈឺ​ផ្ដាសាយ​មិន​ចេះ​ចប់ ឬ​រលាក​ច្រមុះ​ម្ដង​ហើយ​ម្ដង​ទៀត​ដែរ​ ឬ​ទេ? សញ្ញា​ទាំង​នេះ​អាច​បណ្ដាល​មក​ពី​ដុំ​សាច់​ស្រមុះ (nasal polyps) ដែល​ជា​សាច់​ទន់ ដុះ​ចេញ​ពី​ជញ្ជាំង​រន្ធ​ច្រមុះ មិន​មាន​ការ​ឈឺ​ចាប់​អ្វី​ឡើយ។ ដុំ​សាច់​ច្រមុះ មិន​មែន​ជា​សាច់​មហារីក​នោះ​ទេ។ អត្ថបទ​ខាង​ក្រោម​នេះ នឹង​ប្រាប់​គ្នា​យើង​​អំពី​មូលហេតុ​នៃ​ដុំ​សាច់​ច្រមុះ ឲ្យ​​គ្នាយើង​​បាន​ដឹង។​

១- រលាកសីនុសច្រមុះរ៉ាំរ៉ៃ

បើ​យើង​​មាន​បញ្ហា​រលាក​ឆ្អឹង​ក្នុង​ច្រមុះ មិន​បាត់​លើស​ពី​មួយ​សប្ដាហ៍​ ឬ​លើស​ពី​មួយ​ខែ​ឡើង​ទៅ យើង​​ប្រហែល​មាន​បញ្ហា​រលាក​សីនុស​ក្នុង​ច្រមុះ​រ៉ាំ​រ៉ៃ​ហើយ។ បញ្ហា​មួយ​នេះ ធ្វើ​ឲ្យ​យើង​​ប្រឈម​មុខ​កើត​ជំងឺ​ដុះ​សាច់​ច្រមុះ​ខ្ពស់។ គេ​រក​ឃើញ​ថា មាន​មនុស្ស​ប្រហែល ២០​ភាគ​រយ ដែលកើត​ជំងឺ​រលាក​ស៊ីនុស​ច្រមុះ​រ៉ាំ​រ៉ៃ វិវត្ដ​ទៅ​ជា​ដុះ​សាច់​ក្នុង​ច្រមុះ។ ជំងឺ​រលាក​ស៊ីនុស និង​ដុះ​សាច់​ច្រមុះ​ភាគ​ច្រើន​កើត​លើ​ក្រុម​មនុស្ស​ក្នុង​វ័យ ៣០ ឬ ៤០​ឆ្នាំ ប៉ុន្តែ​វា​ក៏​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ។ យើង​​គួរ​ទៅ​ជួប​ពេទ្យ បើ​មាន​បញ្ហា​តឹង​ច្រមុះ ឬ​ហៀរ​សំបោរ តឹង​ក្នុង​រន្ធ​ច្រមុះ ឬ​មិន​អាច​ហិត​ក្លិន ឬ​មិន​អាច​ដឹង​រសជាតិ​របស់​អាហារ​លើស​ពី ១០​ថ្ងៃ​ឡើង​ទៅ។

២- ជំងឺហឺត

អ្នក​ជំងឺ​ហឺត ប្រហែល៣៩​ភាគ​រយ មាន​បញ្ហា​ដុះ​សាច់​ច្រមុះ។ អ្នក​កើត​ហឺត គឺ​ប្រឈម​មុខ​កើត​បញ្ហា​ដុះ​សាច់​ច្រមុះ​ច្រើន ហើយ​ត្រឡប់​មក​វិញ អ្នក​ដុះ​សាច់​ច្រមុះ​ប្រហែល ៤៥ភាគ​រយ អាច​វិវត្ដ​ទៅ​ជា​ជំងឺ​ហឺត​នៅ​ពេល​ខាង​មុខ។ ដូច​នេះ​អ្នក​កើត​ហឺត ត្រូវ​តែ​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ជា​ប្រចាំ ដើម្បី​គ្រប់​គ្រង​បញ្ហា​ហឺត​របស់​ខ្លួន​ឲ្យ​បាន​ល្អ។ ​

៣- អាលែកហ្ស៊ីច្រមុះ

អាលែកហ្ស៊ី​ច្រមុះ ធ្វើ​ឲ្យ​មាន​ការ​រលាក​ក្នុង​ច្រមុះ ដែល​អាច​ធ្វើ​ឲ្យ​កើត​ទៅ​ជា​ជំងឺ​ដុះ​សាច់​ច្រមុះ​ទៅ​ថ្ងៃ​ខាង​មុខ។ អាលែកហ្ស៊ី​ច្រមុះ​បណ្ដាល​មក​ពី​បញ្ហា​ពីរ​ប្រភេទ គឺ​អាលែកហ្ស៊ី​តាម​រដូវ​កាល និង​អាលែកហ្ស៊ី​ដោយ​សារ​ប៉ះ​ជាមួយ​អ្វី​មួយ ដូច​ជា​លំអង​ផ្កា ធូលី ឬកំទេច​ឈើ។ បញ្ហា​អាលែកហ្ស៊ី​ច្រមុះ​រ៉ាំ​រៃ៉​មាន​រយៈ​ពេល​យូរ ច្រើន​កើត​ឡើង​ដោយ​សារ​តែ​ប៉ះ​ជាមួយ រោម​សត្វ របស់​ផ្អាប់ ឬ​កំទេច​ធូលី។ រោគ​សញ្ញា​របស់​ជំងឺ​អាលែកហ្ស៊ី​ច្រមុះ គឺ​ស្រដៀង​គ្នា​ជាមួយ​នឹង ជំងឺ​ផ្ដាសាយ​ដែរ ប៉ុន្តែ​វា​កើត​ឡើង​មាន​រយៈ​ពេល​យូរ​ជាង​​ និង​មាន​បញ្ហា​រមាស់​ក្នុង​ច្រមុះ ឬ​ភ្នែក​មក​ជាមួយ។

៤- អាលែកហ្ស៊ីផ្សិតក្នុងច្រមុះ

ពេល​ខ្លះ​យើង​​ស្ថិត​ក្នុង​កន្លែង​មាន​ផ្សិត​ច្រើន អាច​ធ្វើ​ឲ្យ​​កើត​ជំងឺ​អាលែកហ្ស៊ី​ផ្សិត​ក្នុង​ច្រមុះ​បាន។ វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួយ​បញ្ហា​អាលែកហ្ស៊ី​ក្នុង​ច្រមុះ​ធម្មតា​ដែរ គ្រាន់​តែ​វា​កើត​ឡើង​ដោយសារ​តែ​ផ្សិត។ បញ្ហា​នេះ​ធ្វើ​ឲ្យ​រន្ធ​ស៊ីនុស​ក្នុង​ច្រមុះ​ស្ទះ ឬ​ចង្អៀត​ជាង​ធម្មតា ហើយ​ក៏​អាច​ធ្វើ​ឲ្យ​កើត​ទៅ​ជា​បញ្ហា ដុះ​សាច់​ក្នុង​ច្រមុះ និង​រលាក​ស៊ីនុស​ច្រមុះ​រ៉ាំ​រ៉ៃ​បាន។ រោគ​សញ្ញា​សាមញ្ញ​របស់​បញ្ហា​ផ្សិត​នេះ​គឺ មាន​ហូរ​ទឹក​រងៃ​ស្អិត និង​ក្រាស់​ហូរ​ចេញ​ពី​ច្រមុះ។ គ្រូពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ ដោយ​យក​ទឹក​រងៃ​នោះ​ទៅ​វិភាគ។ យើង​​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​លាស់ ដោយ​សារ​តែ​ជំងឺ​នេះ​អាច​ប៉ះ​ពាល់​ដល់​គំហើញ និង​ញ្ញាណ​នៃ​ក្លិន​របស់​ច្រមុះ​បាន បើ​យើង​​មិន​ព្យាបាល​វា​បាន​ត្រឹម​ត្រូវ។ ​មនុស្ស​គ្រប់​គ្នា​អាច​កើត​បញ្ហា​នេះ​ ប៉ុន្តែ​ភាគ​ច្រើន​វា​កើត​លើ​ក្មេង​ជំទង់ និង​មនុស្ស​ទើប​ពេញ​វ័យ។

៥- មានការឆ្លើយតបខ្លាំងជាមួយ Aspirin

ការ​ឆ្លើយ​តប​ខ្លាំង​ជាមួយ​ថ្នាំ Aspirin អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ដោយ​សារ​តែ​វាធ្វើឲ្យ​រលាក​ច្រមុះ ឬ​អាច​បណ្ដាល​ឲ្យ​កើត​ជា​ដុះ​សាច់​ក្នុង​ច្រមុះ​ទៅ​ថ្ងៃ​ខាង​មុខ។ បើ​យើង​​មាន​បញ្ហា​ឆ្លើយ​តប​ជាមួយ​ថ្នាំ​ Aspirin ឬ ជា​មួយ​ថ្នាំ NSAID ហើយ​ថែម​ទាំង​មាន​បញ្ហា​រលាក​ស៊ីនុស​ច្រមុះ​រ៉ាំ​រ៉ៃ ឬ​មាន​ជំងឺ​ហឺត​ទៀត​នោះ គេ​រាប់​ចូល​ជា​ជំងឺ aspirin-exacerbated respiratory disease (AERD)។ គេ​អាច​ហៅ​បាន​​ឈ្មោះ​ផ្សេង​ គឺ ASA Triad និង Sampter’s Triad។ អ្នក​កើត​បញ្ហា​នេះ អាច​ព្យាបាល​ជា​តាម​ការ​បន្ថយ​ការ​ឆ្លើយតប​ជាមួយ​ Aspirin គឺ​គ្រូពេទ្យ​​ឲ្យ​យើង​​ចាប់​ផ្ដើម​លេប​ Aspirin ពី​កម្រិត​ទាប​ទៅ​មុន និង​បង្កើន​បម្រិត​ខ្ពស់​បន្តិច​ម្ដង​ៗ រហូត​ដល់​ខ្លួនយើង​​អាច​ទទួល​យក​ Aspirin បាន។

៦- Cystic Fibrosis

Cystic fibrosis គឺ​ជា​ជំងឺ​មួយ​ដែល​ទឹក​រំអិល​ប្រមូល​ផ្ដុំ​ច្រើន​នៅ​ក្នុង​ខ្លួន និង​ទៅ​បាំង​ផ្លូវ​ដង្ហើម។ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការរលាក បញ្ហា​ផ្លូវ​ដង្ហើម និង​ដុះ​សាច់​ច្រមុះ។ អ្នក​មាន​បញ្ហា Cystic fibrosis អាច​វិវត្ដ​ទៅ​ជា​ដុះ​សាច់​ច្រមុះ​រហូត​ដល់ ៦០​ភាគ​រយ។ ៧៥ភាគ​រយ​នៃ​អ្នក​កើត​បញ្ហា​នេះ គឺ​រក​ឃើញ​ពេល២ឆ្នាំ​បន្ទាប់ពី​មាន​បញ្ហា​។

មាន​បញ្ហា​ជា​ច្រើន​កើត​​ក្នុង​ច្រមុះ​របស់​យើង​គ្រប់​គ្នា ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គេ​មាន​វិធី​ព្យាបាល​បញ្ហា​ទាំង​អស់​នោះ​យ៉ាង​ងាយ​ស្រួល។ ដូច​នេះ​​ហើយ​យើង​​​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ នៅ​ពេល​​សង្កេត​ឃើញ​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​កើត​ក្នុង​ច្រមុះ​របស់​យើង​។ ប្រភព៖ គ្រូពេទ្យ