អាចសាកល្បងបាន! វិធីកុំអោយក្មេងប្រើទូរសព្ទ័

30

(ចំណេះដឹង)៖ ក្នុងសម័យនេះ មាតាបិតាភាគច្រើនតែងមានបញ្ហាមួយគឺ កូនវក់ចុចតែទូរសព្ទ។ ការវក់លេងតែទូរសព្ទនេះ តែងតែនាំអោយក្មេងទៅជាមិនសូវនិយាយលេងជាមួយគ្រួសារទៀត ទៅជាក្មេងមិនសូវស្ពឹកលែងចង់ធ្វើអ្វីទៀត ចំនងក្នុងគ្រួសារខ្សោយទៅៗពីមួយថ្ងៃទៅមួយថ្ងៃ យូរទៅកូនលែងមានអ្វីនិយាយជាមួយអ្នកផ្ទះទៀត លែងសូវចង់រៀនសូត្រឬធ្វើកិច្ចការសាលា ជាដើម។

ជាទូទៅ មូលហេតុចំបងគឺមកពីមាតាបិតាផ្តល់ទូរសព្ទអោយកូនៗនតែម្តង។ ដំបូងគ្រាន់តែដើម្បីដោះទាល់ម្តងៗ យកពេលធ្វើកិច្ចការសំខាន់ៗ ឬលួងក្មេងម្តងម្កាល តែយូរទៅក្មេងញៀនទៅជាទំលាប់ ម្តាយឪពុកដកទូរសព្ទចេញមិនបាន គឺរករឿង យំ ស្រែកតែម្តង។ ហើយម្តាយឪពុកខ្លះ ដោយធុញនឹងកូនចេះតែទាប្រើទូរសព្ទរបស់ខ្លួនពេក ក៏ទិញទូរសព្ទផ្ទាល់ខ្លួនអោយកូនថែមទៀត (ទូរសព្ទឥលូវធូរថ្លៃច្រើនផង)។ ការធ្វើបែបនេះ នាំអោយលទ្ធផលបានមក គឺកូនរវល់តែទូរស័ព្ទកូន ម៉ែពុករវល់តែ ទូរស័ព្ទ ម៉ែពុក គ្រួសារទៅជាលែងមានទំនាក់ទំនងជិតស្និទ្ធអ្វីតទៅទៀត។

ដល់ដំណាក់កាលនេះទើបមាតាបិតាខ្លះភ្ញាក់ខ្លួន ដឹងថាមានបញ្ហា តែមាតាបិតាភាគច្រើនបែរជាស្តីបន្ទោសអោយកូន ខឹងកូន សំលុតកូនអោយឈប់ប្រើទូរសព្ទវិញដោយសង្ឃឹមថាអាចដោះស្រាយបញ្ហាបាន តែបែរជាធ្វើអោយចំនងគ្រួសារកាន់តែថយចុះថែមទៀត។ ដូច្នេះ មាតាបិតាដែលជួបបញ្ហានេះ អាចសាកល្បងវិធីខាងក្រោម ដើម្បីប្តូរស្ថានភាពគ្រួសារឡើងវិញ។

០១. ដកហូតទូរស័ព្ទ អ្វីដែលគួរធ្វើ ហើយដែលមាតាបិតាខ្លះក៏បានធ្វើដែរ គឺឈប់អោយប្រើតែម្តង។ ចំពោះក្មេងតូចៗដែលអាយុក្រោមថ្នាក់បឋម គឺយើងអាចធ្វើបាន តែដោយប្រុងប្រយ័ត្នបំផុត។ ពេលដែលយើងដកលែងអោយប្រើ ប្រាកដណាស់គឺកូនប្រាកដជាប្រឆាំងខ្លាំងណាស់ ដូច្នេះត្រូវប្រើរួមជាមួយជំហានទាំងឡាយខាងក្រោម ដើម្បីទទួលបានលទ្ធផលល្អ។

តែចំពោះក្មេងដែលដល់ថ្នាក់បឋមហើយ ឬក្មេងតូចដែលវក់ខ្លាំងមែនទែនហើយ យើងគួរប្រើវិធីសន្សឹមៗទើបប្រសើរ។ ដំបូងត្រូវដាក់វិន័យពេលម៉ោងដែលមិនអាចប្រើបាន ដូចជា មុនគេង1ម៉ោងមិនអាចប្រើ ពេលបាយមិនអាចប្រើ ធ្វើកិច្ចការសាលាមិនទាន់ហើយមិនអាចប្រើ ក្រោយភ្ញាក់ពីគេង1ម៉ោងមិនអាចប្រើ ជាដើម។ យើងគួរដាក់ម្តងមួយៗ សន្សឹមៗ ដើម្បីអោយក្មេងអាចទទួលយកបាន។ ហើយដូចគ្នាដែរ ត្រូវប្រើលាយជាមួយជំហានផ្សេងៗដើម្បីទទួលបានផល។

នេះគឺអ្វីដែលមាតាបិតាភាគច្រើនបរាជ័យ ដោយគាត់ប្រើតែជំហានមួយនេះ ហើយមិនបានប្រើជំហានផ្សេងៗមកជួយ។ ត្រូវចងចាំថា ពេលដែលយើងឃាត់គេពីការប្រើទូរសព្ទ យើងចាំបាច់ត្រូវមានអ្វីផ្សេងមកជំនួសទើបអាចជោគជ័យបាន។

០២. ប្រើជាមួយគ្នា បង្កើនចំនងគ្រួសារឡើងវិញ៖ នេះជាជំហានមួយដែលត្រូវប្រើក្នុងករណីយើងជ្រើសយកការដកហូតទូរសព្ទដោយសន្សឹមៗ ហើយក៏ជាជំហានមួយមានប្រយោជន៍សំរាប់ជំហានទី3ផងដែរ។ អ្វីដែលត្រូវធ្វើក្នុងជំហាននេះគឺត្រូវរៀនប្រើទូរសព្ទជាមួយកូន។ ឧទាហរណ៍ថា កូននៅក្មេងអាយុ3ឆ្នាំ គេចូលចិត្តប្រើពេលដែលអាចមើលទូរសព្ទបាន មើលវីដេអូតាមយូធូប ហើយមិនសូវអើពើនឹងយើងទេ ( នេះជាផលដែលយើងទទួលបាន ពីអំពើរបស់យើងពីមុន ដូច្នេះត្រូវតាំងចិត្តខំកែតំរូវវិញ) ព្រោះម៉្យាងរវល់មើលសើច ម៉្យាងមិនដឹងនិយាយអ្វីនឹងយើង។ ដូច្នេះ យើងត្រូវដាក់អារម្មណ៍ចំនាយពេលអង្គុយមើលជាមួយកូន សើចជាមួយកូន រំលឹកកន្លែងត្រូវសើចសប្បាយជាមួយកូនជារឿយៗ។ ពេលមិនមើលវីដេអូ យើងក៏ចាប់ផ្តើមមានអ្វីនិយាយលេងសើចជាមួយកូនច្រើនឡើងៗ ដែលជួយដល់ការសំរេចនូវជំហានទី3 ។

ជំហាននេះទាមទារអោយយើងដាក់ចិត្តជាក្មេងម្តងទៀត ដែលជួយអោយកូន និងយើងអាចាប់ផ្តើមសន្ទនាគ្នាឡើងវិញ។ សូមបញ្ជាក់ថា ការមើលវីដេអូជាមួយកូននេះ គឺដូចការអង្គុយមើលទូរទស្សន៍ ឬសៀវភៅជាមួយកូនដែរ ( វាជាអ្វីដែលគ្រួសារភាគច្រើនពីមុនធ្វើជារៀងរាល់ថ្ងៃ កាលពីមុនជំនាន់ទូរសព្ទទំនើប ដូច្នេះមាតាបិតាគួររំលឹកឡើងវិញនូវអនុស្សាវរីយ៍ទាំងនោះ ចាំពីអារម្មណ៍មើលទូរទស្សន៍ជាមួយម្តាយឪពុកពីមុន នាំគ្នាសើច ខឹង ពិភាក្សាជាមួយគ្នាពីអ្វីដែលកំពុងមើល) វាមិនមានអ្វីលំបាកពេកទេ ព្រោះយើងក៏ធ្លាប់ធ្វើដូច្នេះពីមុនជាមួយម្តាយឪពុកយើងដែរ។