រក្សាគុណតម្លៃខ្លួន ដោយព្រហ្មវិហារធម៌ទាំង ៤

369

មុននឹងនិយាយអ្វីចេញទៅ ចូរត្រូវគិតថាវាជាសំដីដែលមានប្រយោជន៍ដល់អ្នកដ៏ទៃឬសំដីដែលធ្វើអោយគេឈឺចាប់! ពេលខ្លះយើងគិតថា យើងនិយាយចង់អោយគេល្អ ប៉ុន្តែវាចាររបស់យើងមិនបានអោយគេល្អនោះទេ បែជាអោយធ្លាក់ក្នុងសេចក្តីទុក្ខទៅវិញ។
ចូរបែងចែកអោយច្បាស់រវាងចង់អោយគេល្អ និងចង់អោយគេដូចចិត្តរបស់ខ្លួន។ និយាយចង់អោយគេល្អ គឺត្រូវចេះមើលបុគ្គលិកលក្ខណៈរបស់បុគ្គលនោះសិន ថាគេជាបុគ្គលបែបណា គួរនិយាយភាសារបែបណាទៅកាន់គេ! ហើយព្យាយាមកែប្រែគេម្តងបន្តិចៗ ដោយបង្ហាញអោយគេឃើញនូវគុណតម្លៃនូវអ្វីដែលយើងចង់អោយគេប្តូរ។ វាខុសពីការចង់អោយគេគិតដូចយើងធ្វើដូចយើង ព្រោះមនុស្សពេលខ្លះគិតថាខ្លួនឯងធ្វើត្រូវគិតត្រូវ ហើយចង់អោយគេដូចខ្លួន ហើយប្រើភាសាទៅកាន់គេដោយមិនបានគិតពីអារម្មណ៍របស់គេ ឈឺចាប់ដោយសារសំដីយើង ឬមានសេចក្តីទុក្ខដោយសារសំដីយើងឬអត់នោះទេ ក្រោមហេតុផលថាព្រោះចង់អោយគេល្អ ឬខ្លួននិយាយដោយបំណងល្អប៉ុណ្ណោះ។ ប៉ុន្តែបំណងល្អរបស់អ្នក មិនអាចអោយគេមើលឃើញឡើយបើសេចក្តីល្អរបស់អ្នកមិនបានចេញពីបេះដូងសស្អាតនិងក្តីស្រលាញ់ពិត។ អ្នកគ្រាន់តែប្រើពាក្យប្រៀនប្រដៅ ស្តីថាសព្វគ្រប់បែបយ៉ាង ក្រោមហេតុផលថាចង់អោយគេល្អ នោះគេមិនអាចទទួលសេចក្តីល្អដោយសំដីរបស់អ្នកឡើយ។ ចង់អោយគេ ចង់អោយគេរីកចំរើនមិនមែនចេញតែពីមាត់អ្នក ហើយអោយគេសរសើរនិងអោយគុណតម្លៃអ្នកនោះ វាគ្មានថ្ងៃកើតឡើងឡើយ។
ខាងក្រោមនេះជាទង្វើបង្ហាញថាអ្នកចង់អោយគេល្អឬរីកចំរើនពិតប្រាកដ៖

០១.មេត្តា ៖ ស្រលាញ់ដោយបេះដូងសស្អាត អោយគេមានក្តីសុខផ្លូវចិត្ត ដោយមិនរំលោភបំពាន ធ្វើអ្វីដែលផ្តល់ប្រយោជន៍ដល់គេ នៅពេលដែលឃើញគេធ្វើខុស ផ្តល់ការប្រឹក្សាច្បាស់លាស់ប្រកបដោយសុជីវធម៌និងសីលធម៌

០២.ករុណា៖ មានសេចក្តីអាណិត អាសូរ ពេលគេជួបលំបាកត្រូវជួយដោយផ្ទាល់ដើម្បីអោយគេជៀសផុតពីសេចក្តីទុក្ខ ដោយធ្វើគ្រប់វិធីដើម្បីសង្គ្រោះគេ មិនមែនដេកគិតតែអាណិត ប្រើពាក្យអាណិត តែគេពឹងអ្វីក៏មិនដែលជួយ បានត្រឹមអាណិត អាណិតក្នុងចិត្តនោះទេ គឺអាណិតហើយត្រូវជួយដោយ ផ្ទាល់ទៀតផង។

០៣.មុទិតា៖ មានសេចក្តីត្រេកអរនៅពេលឃើញគេមានសេចក្តីសេចក្តីសប្បាយរីករាយ ពេលខ្លះគ្រួសារគេមានសេចក្តីជួបជុំគ្នាសើចក្អាកក្អាយ ចំណាយលំហែជាមួយគ្នា មិនត្រូវបញ្ចើចបញ្ចើររឿងគេ ដើរហើរឬត្រូវចំណាយលុយនោះទេ ប្រសិនគេចេះចំណាយពេលចំណាយលុយគ្រាន់តែដើម្បីសុភមង្គលគ្រួសារនោះ។ ឧទាហរណ៍ ម្តាយដំណើរកំសាន្តក្នុងគ្រួសារ មិនមែនអង្គុយចាំរិះគន់គេ ក្រហើយឆ្លៀតដើរលេងទៀត!យើងត្រូវដឹងថាកាលះទេសះណាដែលគេត្រូវធ្វើ បើយើងចង់អោយគេល្អពិតយើងនិងផ្តល់ជាយោបល់ល្អៗជំនួសដោយពាក្យរិះគន់។

០៤.ឧបក្ខា៖ ការតម្កល់ចិត្តជាកណ្តាល មិនលំអៀង។ ចូរប្រើច្បាប់តែអនុវត្តន៍ចំពោះបុគ្គលគ្រប់គ្នា កុំសម្លឹងឃើញតែផលប្រយោជន៍ទើបជួយ ត្រូវស្រលាញ់អោយស្មើរគ្នា ថ្លឹងថ្លែងទាំងខ្លួនឯងនិងគេ កុំទាមទារតែក្តីស្រលាញ់គោរពពីគេទាំងដែលខ្លួនមិនបានផ្តល់អោយគេសោះ ឬផ្តល់តិចតួចតែទាមទារពីគេច្រើន។ បើអ្នកមិនដែលធ្វើរឿងទាំងនេះទេ អ្នកត្រូវគេបដិសេដសំដីអ្នកចឹងកុំខឹងគេ ត្រូវកែប្រែខ្លួនវិញទើបត្រូវ។

សរុបសេចក្តីមក ដូច្នោះ ការហ្វឹកហាត់ខ្លួនក្នុងរឿងប្រតិបត្តិព្រហ្មវិហារធម៌ ខាងដើមខ្លួនគួរប្រតិបត្តិដូច្នេះ ៖

១. ផ្សព្វផ្សាយមេត្តា

២. តាំងសេចក្តីប្រាថ្នាល្អចំពោះមនុស្សទូទៅ

៣. ខ្វល់ខ្វាយជួយសង្រ្គោះដល់អ្នកដទៃ

៤. ឧបត្ថម្ភបំរុង និងចូលរួមក្នុងកិច្ចការសាធាប្រយោជន៍

៥. មិនស្អប់ខ្ពើម ឬឫស្យាអ្នកដទៃ

៦. សម្តែងការពេញចិត្តនៅពេលអ្នកដទៃមានជោគជ័យ

៧. ដម្កល់ចិត្តជាកណ្តាល សម្លឹងមើលវត្ថុទាំងឡាយតាមសេចក្តីពិត ។