ថ្នាំ​ផ្សះ​អាច​ធ្វើ​ឲ្យ​យើង​គ្មាន​​កូន​​​ ជា​ការ​ពិត​ទេ?

303

នៅ​ពេល​ដែល​ចង់​បាន​កូន​ ស្រីៗ​យើង​តែងតែ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​​ចំពោះ​របប​អាហារ​ ដើម្បី​ធានា​ថា​យើង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​មាន​កូន​។​ កត្តា​នេះ​ក៏​មាន​ន័យ​ថា​ យើង​កំពុង​តែ​ព្យាយាម​អស់​ពី​សមត្ថភាព​​ក្នុង​ការ​បញ្ចៀស​​​គ្រឿង​បង្អាក់​ដល់​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ។​ ​ពិត​ណាស់​ ថ្នាំ​អង់ទីប៊ីយ៉ូទីក ឬ​ថ្នាំ​ផ្សះ​ គឺ​ជា​គ្រឿង​បង្អាក់​មួយ​ ពីព្រោះ​ថ្នាំ​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​​យើង​ប្រែប្រួល​ នៅ​ខណៈ​ពេល​ដែល​វា​ជួយ​ឲ្យ​យើង​ជា​សះស្បើយ​ពី​ជំងឺ​។

គ្រូពេទ្យ​ណែនាំ​ថា​ ស្ត្រី​ដែល​ចង់​បាន​កូន​​មិន​គួរ​ប្រើប្រាស់​ថ្នាំ​អង់ទីប៊ីយ៉ូទីក និង​ថ្នាំ​ផ្ដាសាយ​ឡើយ​។​ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ពុំ​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ដែល​បង្ហាញ​ថា​ ការ​ប្រើ​​​ថ្នាំ​អង់ទីប៊ីយ៉ូទីក​អាច​ជះ​ឥទ្ធិពល​ដល់​ការ​មាន​កូន​របស់​ស្ត្រី​ឡើយ​។​ ​ជាក់​ស្ដែង ប្រសិនបើ​យើង​ឈឺ​ អំឡុង​ពេល​កំពុង​បញ្ចេញ​ពង​អូវុល ​គឺ​​ពុំ​មាន​ផល​ប៉ះពាល់​ឡើយ​ ប៉ុន្តែ​វា​អាច​រំខាន​ដល់​ចំណង​ផ្លូវ​ភេទ​របស់​យើង​បាន​។

តើ​ថ្នាំ​ផ្សះ​អាច​ប៉ះពាល់​ដល់​ការ​មាន​កូន​ទេ​?

​ថ្នាំ​​ផ្សះ​​អាច​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​បាក់តេរី​ ដែល​វា​ត្រូវ​បាន​ណែនាំ​ជា​ទូទៅ​នៅ​ក្នុង​ឱសថ​សម័យ​ទំនើប​នេះ​។​ តើ​វា​អាច​ប៉ះពាល់​ដល់​ការ​មាន​កូន​​ចំពោះ​ស្ត្រី​ និង​បុរស​បែប​ណា?

១. ផល​ប៉ះពាល់​នៃ​ថ្នាំ​ផ្សះ​ទៅ​លើ​ការ​មាន​កូន​របស់​ស្រ្តី​

​​​​ពិត​ណាស់​ ស្ត្រី​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​អាច​មាន​ការ​ព្រួយ​បារម្ភ​ថា​ ពួក​គេ​អាច​នឹង​មិន​មាន​កូន​។​ ពួក​គេ​ភ័យ​ខ្លាច​ថា ​វា​អាច​រារាំង​ដល់​ការ​មក​រដូវ​ ការ​បញ្ចេញ​ពង​អូវុល​ ឬ​ការ​កាច់សំបុករបស់កូន ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ពិបាក​មាន​ផ្ទៃ​ពោះ​។​ យ៉ាង​ណា​មិញ​ មិន​មាន​ភស្តុតាង​សន្និដ្ឋាន​ណាមួយ​ដែល​បង្ហាញ​​ពី​ផល​ប៉ះពាល់​ទៅ​លើ​អ័រម៉ូន​​ដែល​គ្រប់គ្រង​វដ្ដ​រដូវ​ ការ​បញ្ចេញ​ពង​អូវុល​ ឬ​ការ​មាន​គភ៌​ឡើយ​។

២. ផល​ប៉ះពាល់​នៃ​ថ្នាំ​ផ្សះ​ទៅ​លើ​ការ​មាន​កូន​របស់​បុរស

​យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ថ្នាំ​ផ្សះ​មួយ​ចំនួន​ដូចជា tetracycline, penicillin, erythromycin ​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​មេ​ជីវិត​របស់​បុរស​ និង​ការ​មាន​កូន​។​ ថ្នាំ​ខ្លះ​អាច​បណ្ដាល​ឲ្យ​គុណភាព​របស់​ទឹក​កាម​មាន​ការ​ថយ​ចុះ​។

តើ​យើង​អាច​មាន​ឱកាស​មាន​ផ្ទៃ​ពោះ​ ខណៈ​ពេល​ដែល​ប្រើប្រាស់​ថ្នាំ​ផ្សះ​ដែរ​ទេ​?

កា​រ​ប្រើ​ថ្នាំ​ផ្សះ​ នៅ​ពេល​ដែល​យើង​ព្យាយាម​យក​កូន​ មិន​មាន​ឥទ្ធិពល​​ខ្លាំង​ទៅ​លើ​ការ​មាន​ផ្ទៃ​ពោះ​នោះ​ទេ។​ ក្នុង​ករណី​ខ្លះ​ ​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ផ្សះ​​​បាន​រាយការណ៍​អំពី​​​ការ​ប្រែប្រួល​នៃ​ការ​បញ្ចេញ​ពង​អូវុល​ ​ជា​ពិសេស​​ ក្នុង​ការ​ផលិត​ទឹក​រម្អិលមាត់ស្បូន​ ។​ ប៉ុន្តែ​ វា​មិន​មាន​ទិន្នន័យ​សន្និដ្ឋាន​​ដើម្បី​​គាំទ្រ​​ដល់​ការ​យល់​ឃើញ​នេះ​ឡើយ​។​

តាម​ពិត​ទៅ​ ការ​បង្ក​រោគ​នៅ​ក្នុង​រាងកាយ​របស់​ស្ត្រី អាច​ជា​មូលហេតុ​​ចម្បង​នៃ​ការ​គ្មាន​កូន​បណ្ដោះអាសន្ន។ ហើយ​ការ​ប្រើ​ថ្នាំ​ផ្សះ​​បែរ​ជា​អាច​ជួយ​ឲ្យ​យើង​មាន​ផ្ទៃ​ពោះ​ទៅ​វិញ​ ពីព្រោះ​វា​ជួយ​​ព្យាបាល​ការ​ឆ្លង​មេរោគ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​ដែលការ​ឆ្លង​រោគ​​​អាច​​រឹតត្បិត​ដល់​ដំណើរការ​មាន​កូន។​​ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​អាច​ជួយ​បង្កើត​​ប្រព័ន្ធ​បន្ត​ពូជ​​ដំណើរការ​ល្អ​ឡើង​វិញ​ បន្ទាប់​ពី​ចុះ​ខ្សោយ​ដោយ​សារ​ការ​ឆ្លង​បាក់តេរី​។

​​​​​ហានិភ័យ​នៃ​ការ​ប្រើ​ថ្នាំ​ផ្សះ​ ពេល​មាន​ផ្ទៃ​ពោះ​

ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ និង​ថ្នាំ​ព្យាបាល​ផ្ដាសាយ​អាច​បង្ក​ហានិភ័យ​ នៅ​ក្នុង​ករណី​ដែល​​យើង​មាន​ផ្ទៃពោះ ហើយ​មិន​បាន​ដឹង​។​ ជា​ទូទៅ ថ្នាំ​ផ្សះ​ប្រភេទមួយ​ចំនួន​​​មាន​សុវត្ថិភាព​សម្រាប់​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ ប៉ុន្តែ​ថ្នាំ​ផ្សះ​ដទៃ​ទៀត​ អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​គភ៌​​ផង​ដែរ។​ បើសិនជា​យើង​ប្រើ​ថ្នាំ​ផ្សះ​ខ្លាំង​នៅ​អំឡុង​ពេល​មាន​គភ៌​ វា​អាច​បណ្ដាល​ឲ្យ​កូន​កើត​មិន​គ្រប់​លក្ខណៈ ឬ​អាច​ធ្វើ​ឲ្យ​រលូត​កូន​ថែម​ទៀត​ផង​។​ មុន​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​ណាមួយ​ពេល​មាន​ផ្ទៃពោះ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។​​​