មានលុយច្រើនខ្លាំងប៉ុនណា អ្នកឆ្លាតវៃមិនយកលុយទៅប្រើប្រាស់លើរបស់ទាំងនេះឡើយបើមិនចង់មានបញ្ហា

951

ដូចយើងបានដឹងហើយថា លុយវាពិតជាពិបាករកណាស់ ទម្រាំរកបានគ្រប់កាក់គ្រប់សេន មិនមែនអង្គុយតែលេងនោះទេ សុទ្ធតែប្រើកម្លាំង ខួរក្បាល និងប្រាជ្ញា ដើម្បីប្តូរយកទឹកប្រាក់នោះត្រលប់មកវិញ។

យ៉ាងណាមិញ មិនថាអ្នករកប្រាក់បានដោយងាយ ឬលំបាក ហើយទោះបីជាអ្នកសន្សំលុយបានច្រើនប៉ុនណា ឬអ្នកជាមានអ្នកមានប្រាក់យ៉ាងម៉េចក្តី មនុស្សឆ្លាតវៃនឹងមិនយកលុយទៅប្រើលើផ្លូវខុសទំនងនោះឡើយ។

ដូច្នេះមកដឹងពីចំណុចមួយចំនួន ដែលអ្នកមិនគួរយកលុយទៅចាយលើឡើយ ទោះសល់លុយច្រើនយ៉ាងម៉េចក្តី ៖

១. លេងល្បែងស៊ីសង

ល្បែងស៊ីសង មិនត្រឹមតែជាអំពើខុសច្បាប់ តែវាជាអំពើដ៏ឆោតល្ងង់បំផុត ព្រោះគ្មានអ្នកណាក្លាយជាអ្នកមានដោយសារតែលេងល្បែងនោះឡើយ គឺមានតែរលាយអស់ទ្រព្យសម្បត្តិក៏មាន។ ដូច្នេះការលេងល្បែង ទាំងការចាក់ឆ្នោត ឬទិញសន្លឹកឆ្នោត គឺជាការរង់ចាំព្រេងសំណាងតែប៉ុណ្ណោះ ដែលអាចនិយាយថាសំណាង ១ ក្នុងចំណោម ១លាន ដែលអ្នកមិនត្រូវយកលុយទៅប្រថុយទាល់តែសោះ។

២. ទិញរបស់ដែលមិនស្រលាញ់

វាជាអំពើដ៏ខ្ជះខ្ជាយ និងល្ងង់ខ្លៅបំផុត ដែលអ្នកមានលុយតែបែរជាមិនចេះចាយលុយ ដោយការប្រើលុយទៅទិញរបស់ដែលមិនចំប្រយោជន៍ និងរបស់ដែលអ្នកមិនស្រលាញ់ ដើម្បីតែអួតអាងអ្នកដទៃថាអ្នកមានជាងអ្នកដទៃ។

ដូច្នេះកុំខ្ជះខ្ជាយលុយតទៅទៀត មិនថារបស់ថ្លៃ ឬថោក ចូលជ្រើសទិញតែរបស់ដែលអ្នកស្រលាញ់ពេញចិត្តចង់បាន បានហើយ ពិសេសកុំចេះតែទិញរបស់ប្រើប្រាស់ផ្តេសផ្តាសលើសពីតម្រូវការ ដែលពេលខ្លះដល់ថ្នាក់សុខចិត្តជំពាក់លុយគេដើម្បីឡូយឆាយអី។

៣. គ្រឿងបំផ្លាញខួរក្បាល និងសុខភាព

មនុស្សឆ្លាត មិនយកលុយទៅចាយលើរបស់ដែលប៉ះពាល់ដល់សុខភាពខ្លួននោះឡើយ ដូចជា ស្រា បារី និងគ្រឿងញៀនជាដើម។ តើមានប្រយោជន៍អ្វី ដែលខំយកលុយដែលរកបានដោយពិបាក ចាយទៅលើរបស់បំផ្លាញខ្លួនឯងទៅវិញនោះ ជាពិសេសគ្រឿងញៀនត្រូវចៀសវាងដាច់ខាត។

៤. វិនិយោគមិនចំគោលដៅ

អ្នកពិតជាឆ្លាតវៃណាស់ ប្រសិនជាអ្នកចេះបែកគំនិតយកលុយមកវិនិយោគ ឬរកស៊ីបន្ថែមដើម្បីបង្កើនទ្រព្យ តែវាបែរជាល្ងង់ខ្លៅ ប្រសិនជាអ្នកបែរជាយកលុយទៅរកស៊ីតែតាមគេ ដោយមិនដឹងច្បាស់ ឬសិក្សាល្អិនល្អន់ពីការវិនិយោគទាំងនោះ វាដូចជាការប្រថុយប្រថានដ៏គ្រោះថ្នាក់មួយដែលអ្នកមិនត្រូវយកលុយទៅប្រើទាល់តែសោះ។

៥. ឱ្យលុយគេខ្ចី

ការយកលុយឱ្យគេខ្ចី ឬចងការដើម្បីតែបានការប្រាក់ វាមិនមែនជារឿងចំណេញមួយទាល់តែសោះ ហើយវាអាចជួបនឹងហានិភ័យជាជាងរឿងចំណេញក៏ថាបាន ពិសេសប្រសិនជាអ្នកឱ្យលុយឱ្យមិត្តភក្តិខ្ចី បែរជាមិនបានលុយមកវិញ អ្នកថែមទាំងមានបញ្ហាល្អក់កករ និងបាត់បង់មិត្តភាពទៀតផង។