សុភមង្គលដែលសាមញ្ញាគឺ មានផ្ទះអាចត្រលប់ទៅវិញបាន មានអ្នករង់ចាំ ពេលឃ្លានមានបាយញុំា

318

អ្វីទៅជាសុភមង្គល?

សុភមង្គល មិនមែនអ្នកមានបានស្តុកស្តម ក៏មិនមែនអ្នកមានអាហារបរិភោគហូរហៀរនោះដែរ តែគឺជាជីវភាពរស់នៅដ៏សាមញ្ញមួយដែលមនុស្សរាល់គ្នាចង់បាន នោះគឺពេលដែលអ្នកឃ្លានអ្នកមានអ្វីញុំា ចង់បានក្តីស្រលាញ់ហើយមានមនុស្សអាចពឹងពាក់បាន។

នៅខាងក្រោមផ្ទះខ្ញុំមានប្តីប្រពន្ធ១គូមានជីវភាពបែបនេះដែរ ស្វាមីគឺជាអ្នកលក់ចេកអាំង ប្រពន្ធគឺជាអ្នកបោសសំអាត។ ជារៀងរាល់ថ្ងៃ ប្រពន្ធងើបពីព្រលឹមចម្អិនម្ហូបទុកឲ្យប្តី ហើយជួយរៀបចំឥវ៉ាន់ឲ្យប្តីសំរាប់យកទៅលក់ បន្ទាប់មកអ្នកទាំងពីរក៏ចេញពីផ្ទះទាំងអស់គ្នា។

ពួកគាត់កម្រនិយាយគ្នាណាស់ ពួកគាត់តែងតែប្រើកែវភ្នែកជាការប្រាស្រ័យទាក់ទងគ្នា សកម្មភាពដ៏សាមញ្ញាមួយ អាចធ្វើឲ្យអ្នកទាំងពីរយល់ពីចិត្តគ្នាទៅវិញទៅមកបាន ។

នៅក្នុងកែវភ្នែករបស់ប្តី ប្រពន្ធគឺជាអ្នកដែលធ្វើម្ហូបឆ្ងាញ់ជាងគេ ប្រពន្ធគាត់គឺជាមនុស្សពូកែ និងអត់ធ្មត់ម្នាក់ ចំណែកឯនៅក្នុងកែវភ្នែកភរិយាគាត់វិញ ស្វាមីគាត់គឺជាបុរសដែលសក្តិសមអាចពឹងពាក់អស់មួយជីវិតបាន។ ដូច្នេះហើយជីវិតមនុស្ស២នាក់បានក្លាយទៅជាជីវិតតែមួយ គឺជាសុភមង្គលដ៏សាមញ្ញ ។

មានពេលខ្លះ អ្នកអាចយល់ថានឿយហត់ណាស់ ដោយសារមនុស្សម្នាក់គិតច្រើនពេក បារម្ភពីរឿងអតីតកាល និងរឿងអនាគត រមែងតែត្រូវបានអារម្មណ៍របស់អ្នកគ្រប់គ្រងបាន។ មនុស្សភាគច្រើនចេះតែទៅស្វែងរករបស់ពីខាងក្រៅជាច្រើន តែផ្ទុយទៅវិញបានភ្លេចនូវភាពស្រស់បំព្រងដែលនៅក្បែរខ្លួន។

ធ្លាប់មានម្តងនោះ មិត្តភក្តិខ្ញុំម្នាក់បានស្តីបន្ទោសខ្លួនឯងយ៉ាងខ្លាំង យល់ថាមុខរបរមិនឃើញមានអ្វីរីកចម្រើន ជីវភាពគ្រួសារក៏ធម្មតាគ្មានអ្វីប្លែក ចង់គេចខ្លួនឲ្យបាត់១រយៈ។

តែអ្វីដែលគាត់មិនដឹង នៅក្នុងភ្នែកអ្នកដទៃយល់ថាគាត់មានការងារនឹងនរ គ្រួសារមានសុភមង្គល រស់នៅក្នុងជីវភាពដែលមនុស្សជាច្រើនស្ងប់ស្ងែងចង់បាន។ជីវិតគឺជាដំណើរវដ្តវិលចុះឡើង អ្វីដែលអ្នកចាំបាច់ត្រូវធ្វើនោះគឺអាចរក្សាចិត្តឲ្យបានស្ងប់ ឈ្វេងយល់ពីអ្វីៗដែលនៅក្បែរខ្លួន នោះអ្នកនឹងយល់ថាអ្នកមានសំណាងប៉ុនណា។